681 ezgif.com resize
Swift cc time

អ្នកជំនាញ សាទរចំពោះការ Free Visa ដល់ប្រជាជនចិន ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានកម្ពុជា តែសុំឱ្យបន្តបោសសម្អាត Online Scam

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជាសម្រេចលើកលែង«ទិដ្ឋការ ឬVISA»សាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ មិថុនា ដល់ថ្ងៃទី១៥ ខែតុលា ២០២៦”។ ការសម្រេចនេះ ត្រូវបានអ្នកជំនាញ សម្តែងការសាទរ និង ចាត់ទុកថា សេដ្ឋកិច្ចមូលដ្ឋាន ឬរបរលក់ដូរប្រចាំថ្ងៃរបស់អាជីវករខ្នាតតូចរបស់ប្រទេសកម្ពុជា នឹងកាន់តែមានសន្ទុះងើបឡើងវិញ។ តែយ៉ាងណា អ្នកជំនាញបានស្នើសុំឱ្យរាជរដ្ឋាភិបាល ត្រូវតែបន្តយកចិត្តទុកដាក់លើវិធានការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច មកកាន់ស៊ីស៊ីថាមស៍ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ការលើកលែងទិដ្ឋការ (Free Visa) ដល់ភ្ញៀវចិនជាជំហានវិជ្ជមានមួយក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើងវិញ ជាពិសេសអាចនឹងមានការទាក់ទាញការហោះហើរត្រង់ពីចិនមកកម្ពុជាបន្ថែមទៀត ដែលជាឱកាសមួយជួយបង្កើនឱកាសការងារដល់ពលរដ្ឋកម្ពុជាឱ្យបានកាន់តែច្រើនឡើង។

លោកស្រីបន្ថែមថា សម្រាប់ឱកាសនេះ កម្ពុជាគួរតែពង្រឹងការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសពង្រឹងសន្តិសុខ សុវត្ថិភាព សម្រាប់ភ្ញៀវទេសចរចិនឱ្យបានដឹងថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុខសុវត្ថិភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាគួរតែបង្កើនការបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញ និងល្បែងអនឡាញ ដើម្បីផ្តល់ទំនុកចិត្តដល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរ និងដើម្បីបង្ហាញឱ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍បានឃើញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតការឆបោក និងអំពើខុសច្បាប់នានា។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងដែរថា លោកពិតជាមានការសាទរយ៉ាងខ្លាំងចំពោះលទ្ធផលនៃការដាក់ឱ្យសាកល្បងនូវការលើកលែងទិដ្ឋការចំពោះប្រជាជនចិនដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ទោះវាមានរយៈពេលខ្លីមែន តែវានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ជាក់ស្ដែងដូចជាការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម ដែលនឹងជួយឱ្យសេដ្ឋកិច្ចគ្រួសារកាន់តែមានភាពរីកចម្រើន ហើយសេដ្ឋកិច្ចជាតិក៏ប្រសើរឡើងដែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ាមានយោបល់បន្ថែមថា រាជរដ្ឋាភិបាលគួរតែបន្តការលើកលែងទិដ្ឋការ(Visa)ដល់ជនបរទេសដែលកំពុងប្រកបរបរក្នុងតំបន់អាស៊ាន ដែលត្រូវការទិដ្ឋការចូលមកកម្ពុជា ព្រោះនេះជាការទាក់ទាញភ្ញៀវជិត ឱ្យបានលឿនជាងភ្ញៀវឆ្ងាយ ឆាប់រហ័ស ហើយកាន់តែបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវបរទេសដែលចង់មកលេងកម្សាន្តនៅប្រទេសកម្ពុជា។

រីឯប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច លោក គី សេរីវឌ្ឍន៍ ក៏បានលើកឡើងដែរថា ការFree Visa គឺជារឿងសំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរ ហើយលោកសង្ឃឹមថាការលើកលែងទិដ្ឋការនេះនឹងបើកទូលាយកាន់តែធំធេងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានកាន់តែច្រើន។ លោកបន្តថា ក្រៅពីFree Visaនេះ ក៏ត្រូវមានការជួយសម្រួលនៅតាមច្រកអន្តរជាតិឱ្យបានងាយស្រួលផងដែរ ដើម្បីបង្ការកុំឱ្យភ្ញៀវមានការចំណាយបន្ថែមទៀត។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ក៏សំណូមពរឱ្យរាជរដ្ឋាភិបាលកម្ពុជាផ្សព្វផ្សាយបន្ថែមសម្រាប់ភ្ញៀវទេសចរដែលមកកម្ពុជា ជាពិសេសគឺការផ្សព្វផ្សាយនៅតាមយន្តហោះដែលភ្ញៀវធ្វើដំណើរមកកម្ពុជាផ្ទាល់ៗ ថាកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពបំផុត គ្មានឧក្រិដ្ឋកម្មខុសច្បាប់ ជាពិសេសផ្សព្វផ្សាយពីការខិតខំប្រឹងប្រែង និងការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតការឆបោកនានា ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរមានទំនុកចិត្ត និងមិនមានអារម្មណ៍ភ័យខ្លាចក្នុងការមកកម្សាន្តនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២ធ្នូកន្លងទៅនេះ បានសម្រេចផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦។

ការអនុវត្តផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន គឺរយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់ត បំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមក កម្ពុជាប៉ុន្មានលើកក៏បាន៕

Khcct banner

អត្ថបទទាក់ទង