681 ezgif.com resize
Swift cc time

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រគល់«ឧបករណ៍ចុះបញ្ជីសម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ក្នុងខេត្តកំពង់ធំ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម)

ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានប្រគល់«ឧបករណ៍ចុះបញ្ជីសម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ក្នុងខេត្តកំពង់ធំ» ដើម្បីជួយលើកកម្ពស់សមត្ថភាពសេវាសាធារណៈ និងធ្វើឱ្យប្រព័ន្ធគាំពារសង្គមកម្ពុជា មានភាពធន់ និងឆ្លើយតបទាន់ពេលចំពោះគ្រោះអាសន្ន។ ពិធីប្រគល់ និងទទួលឧបករណ៍នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនេះ លោក ចន ណារិទ្ធ បានលើកឡើងផងដែរថា ការអភិវឌ្ឍ និងដាក់ឱ្យដំណើរការថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឬ ហៅកាត់ថា DSPP ដែលជាថ្នាលឌីជីថលរួមបែប សមាហរណ របស់រាជរដ្ឋាភិបាល គឺជាការបោះជំហានមួយដ៏សំខាន់ក្នុងការកាត់បន្ថយភាពបែកខ្ញែកនៃប្រព័ន្ធចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍គាំពារសង្គមស្ទួន ក៏ដូចជាកាត់បន្ថយការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានមុខងារដូចគ្នា និងជាបង្គោលចរមួយដ៏សំខាន់ក្នុងដំណើរការបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែប្រសើរឡើង ស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤–២០២៨ និងគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥។

លោកបន្តថា បច្ចុប្បន្ន កំពុងដាក់ឱ្យអនុវត្តពេញលេញក្នុង ២០៩ ឃុំ/សង្កាត់ នៃខេត្តកំពង់ចាម និងខេត្តសៀមរាប បន្ទាប់ពីការអនុវត្តសាកល្បងនៅកម្រិតស្រុកជើងព្រៃ និងក្រុងសៀមរាបអស់រយៈពេលមួយឆ្នាំ ព្រមទាំងមានការវាយតម្លៃលទ្ធផលការអនុវត្តដោយធនាគារពិភពលោក ហើយបច្ចុប្បន្នកំពុងពង្រីកវិសាលភាពនៃការអនុវត្ត ជាជំហានៗ ពោលគឺខេត្តកំពង់ធំ ជាខេត្តទី៣ បន្ទាប់ពីខេត្តកំពង់ចាម និងខេត្តសៀមរាប ក្នុងដំណើរនៃការពង្រីកវិសាលភាពនៃការអនុវត្តថ្នាល DSPP នេះ។

ដើម្បីគាំទ្រដល់ការអនុវត្តថ្នាលគាំពារសង្គមឌីជីថលកម្ពុជានេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានផ្ដល់ជូនឧបករណ៍សម្ភារៈឌីជីថលសម្រាប់បម្រើដល់ការចុះបញ្ជី ចំនួន ១ ឈុតសម្រាប់ឃុំ/សង្កាត់នីមួយៗ។ ឧបករណ៍ទាំងនេះរួមមាន កុំព្យូទ័រយួរដៃដែលមានសមត្ថភាពប្រតិបត្តិការកម្រិតខ្ពស់ និងមានភាពធន់, កាមេរ៉ាថតផ្ទៃមុខ និងឯកសារកម្រិតខ្ពស់ (Full HD), ម៉ាស៊ីនស្កែនខ្ចៅដៃ និងម៉ាស៊ីនបោះពុម្ពខ្នាតតូច បន្ថែមលើថេប្លែតដែលបានផ្តល់ជូននាពេលកន្លងទៅ។ ការបំពាក់ឧបករណ៍ចុះបញ្ជីឌីជីថលនេះ គឺជាការធ្វើទំនើបកម្ម និងការធ្វើឌីជីថលូបនីយកម្ម ដល់កម្រិតអ្នកអនុវត្តផ្ទាល់ នៅថ្នាក់ក្រោមជាតិ ដែលមិនធ្លាប់មានពីមុនមក។

ជាមួយគ្នានេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តឱ្យមន្ត្រីមូលដ្ឋាន និងរដ្ឋបាលឃុំ/សង្កាត់ ចូលរួមថែរក្សា និងប្រើប្រាស់ឧបករណ៍ឌីជីថលដែលបានប្រគល់ជូន ឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ការផ្តល់សេវាដល់ប្រជាពលរដ្ឋមានគុណភាពខ្ពស់ និងទាន់ពេល។

ជាចុងក្រោយ លោក ចន ណារិទ្ធ បានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តសហការយ៉ាងជិតស្និត ដើម្បីធានាថា ប្រព័ន្ធគាំពារសង្គមកម្ពុជាអាចបំពេញតួនាទីបានប្រសើរឡើង មានស្វ័យប្រវត្តិកម្ម និងមានតម្លាភាពខ្ពស់ជាងមុន៕


Khcct banner

អត្ថបទទាក់ទង