ភ្នំពេញ៖ យុវជន សុខ ទីហ៊ុយ បច្ចុប្បន្នគឺជានិស្សិតអនុបណ្ឌិតឆ្នើមកំពុងសិក្សានៅក្រៅប្រទេស និងជាកូនខ្មែរដំបូងគេជាប់ឈ្មោះជាទូតនិស្សិតជាន់ខ្ពស់ និង ជាសមាជិកគោលនយោបាយសាធារណៈ នៃស្ថាប័ន Chatham House របស់ចក្រភពអង់គ្លេស ហើយមានឱកាសបានជួបថ្នាក់ដឹកនាំនៃប្រទេសនានាជាច្រើន។
យុវជន សុខ ទីហុយ បច្ចុប្បន្នកំពុងរស់នៅប្រទេសអង់គ្លេស និង ទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញនយោបាយ និងគ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យ Queen Mary University of London។ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ យុវជនរូបនេះ បានបន្កការសិក្សាថ្នាក់អនុបណ្ឌិតជំនាញ វិទ្យាសាស្ត្រនយោបាយ និង សេដ្ឋកិច្ចនយោបាយ នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និង វិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ (LSE) ដែលជាសាកលវិទ្យាល័យលេខ១ ប្រចាំប្រទេសអង់គ្លេស។
ក្នុងបទសម្ភាសន៍តាមសារអេឡិចត្រូនិច ជាមួយក្រុមយុវជននៃអង្គភាពសារព័ត៌មាន ស៊ីស៊ីថាមស៍ យុវជន សុខ ទីហ៊ុយ បានចែករំលែកពីបទពិសោធន៍នៃការសិក្សានៅក្រៅប្រទេស រហូតជាប់ជាទូតនិស្សិតជាន់ខ្ពស់ និង ជាសមាជិកគោលនយោបាយសាធារណៈ នៃស្ថាប័ន Chatham House របស់ចក្រភពអង់គ្លេស។
តាមរយៈតួនាទីដ៏សំខាន់នេះ យុវជន សុខ ទីហុយ មានឱកាសបានជួបថ្នាក់ដឹកនាំពិភពលោកជាច្រើនដូចជាប្រធានាធិបតីអៀរឡង់ ហ្សកហ្ស៊ី ហ្វាំងឡង់ ម៉ិកស៊ិកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នូវែលសេឡង់ អ៊ីតាលី កាណាដា ស៊ូដង់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន និង ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីអង់គ្លេសជាច្រើនរូប ព្រមទាំងលោក លី ស៊ានឡុង (Lee Hsien Loong ) អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី។
កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក សុខ ទីហុយ បានចោទសួរសំណួរទៅកាន់ លោក លី ស៊ានឡុង (Lee Hsien Loong ) អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី ក្នុងវេទិកា Chatham House នៅប្រទេសអង់គ្លេស ពាក់ព័ន្ធឱកាសនៃការនាំចេញរបស់សមាជិកអាស៊ាន ទៅកាន់អាម៉េរិក ស្របពេលប្រធានាធិបតី ត្រាំកំពុងមានចំណាប់អារម្មណ៍មកលើប្លុកអាស៊ានទាំងមូល។តាមរយៈការចោទសួរចំៗនេះ បង្ហាញឱ្យវេទិកាអន្តរជាតិទាំងមូលកាន់តែចាប់អារម្មណ៍ពីប្រទេសកម្ពុជា ជាពិសេសសមត្ថភាពរបស់យុវជនខ្មែរ ដែលមិនចាញ់ពីយុវជនមកពីប្រទេសលើពិភពលោកដ៏ទៃទៀត។
គួរបញ្ជាក់ថា Chatham House គឺជាស្ថាប័នគោលនយោបាយឈានមុខគេនៅលើពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។បន្ថែមពីទូតនិស្សិតជាន់ខ្ពស់ យុវជនខ្មែរ ទីហ៊ុយ ក៏ជាសមាជិកគោលនយោបាយសាធារណៈខ្មែរដំបូងគេ មានឱកាសចូលរួមចំណែកក្នុងការវិភាគ និង បង្កើតដំណោះស្រាយគោលនយោបាយសម្រាប់ ស្ថាប័ន Chatham House ដែលត្រូវបានរចនាឡើង ដើម្បីជួយរដ្ឋាភិបាលនានាលើឆាកអន្តរជាតិ៕