ភ្នំពេញ៖ ក្រុមការងាររៀបចំ និងអនុវត្តគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ៣,៥ពាន់លានដុល្លារ នាថ្ងៃទី១ធ្នូ ឆ្នាំ២០២៥ បានជួបប្រជុំជាលើកទី៣ ជាមួយក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីពិនិត្យមើល និងពិភាក្សាគ្នាអំពីលក្ខណៈវិនិច្ឆ័យ និងការកំណត់ជាជំហានបឋមនូវតម្រាយផ្លូវសម្រាប់ការសាងសង់បណ្ដាញផ្លូវរថភ្លើងក្រោមដី។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍សិក្សា ពីសំណាក់អ្នកជំនាញការទីប្រឹក្សា និងភាគីពាក់ព័ន្ធ ដើម្បីវាយតម្លៃលទ្ធផលសិក្សា។ អង្គប្រជុំក៏បានពិនិត្យមើល និងពិភាក្សាគ្នាផងដែរអំពីលក្ខណៈវិនិច្ឆ័យ និងការកំណត់ជាជំហានបឋមនូវតម្រាយផ្លូវសម្រាប់ការសាងសង់បណ្ដាញផ្លូវរថភ្លើងក្រោមដី(METRO)។
គួរបញ្ជាក់ថា គម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ បានចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ គម្រោងនេះមានទុនវិនិយោគប្រមាណ ៣,៥ពាន់លានដុល្លារ និងមានផ្លូវរថភ្លើងចំនួន៤ខ្សែ ដោយក្នុងមួយខ្សែៗមានប្រវែងចន្លោះពី១៦គីឡូម៉ែត្រ ទៅ២៩គីឡូម៉ែត្រ៕