ភ្នំពេញ៖ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ នាថ្ងៃទី២ ខែធ្នូ ត្រូវបានកម្ពុជាចាប់បញ្ចូនទៅប្រទេសឥណ្ឌូណេស៊ីវិញ ក្រោយពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និង គ្រឿងញៀន។វិធានការនេះ ធ្វើឡើងដោយមានកិច្ចសហការគ្នាយ៉ាងល្អរវាងអគ្គស្នងការនគរបាលជាតិ រួមជាមួយនឹងកម្លាំងនគរបាលជំនាញឥណ្ឌូណេស៊ី និង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមការផ្តល់ព័ត៌មានពីនគរបាលឥណ្ឌូណេស៊ី។ស្ត្រីម្នាក់នេះ ត្រូវបានចាប់ឃាត់ខ្លួន និង បញ្ជូនមុខសញ្ញានិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ទៅកាន់ប្រទេសដើមវិញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នេះ។
យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានចារកម្មបានឃាត់ខ្លួនស្រី្តជាមុខសញ្ញានិវេទន៍ក្រហម (Red Notice) នេះ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៣:៤០នាទី ត្រង់ចំណុចសណ្ឋាគារ NOVOTEL ក្នុងខេត្តព្រះសីហនុ។ ស្រ្តីជនជាតិឥណ្ឌូណេស៊ីនោះ ឈ្មោះ ASTUTIK DEWI អាយុ ៤២ឆ្នាំ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏ឃាត់ខ្លួនបុរសជនជាតិប៉ាគីស្ថានម្នាក់ និង បានដកហូតរថយន្តម៉ាក PRIUS ពណ៌ស ស្លាកលេខ ភ្នំពេញ 2BI-9815។
ការឃាត់ខ្លួន និងបញ្ជូនមុខសញ្ញានិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ទៅប្រទេសឥណ្ឌូណេស៊ីបានវិញនេះ គឺដោយមានការផ្តល់ព័ត៌មានពីនគរបាលឥណ្ឌូណេស៊ី កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
ក្រោយបញ្ចប់នីតិវិធីនៃការសាកសួរ និងរៀបចំឯកសារនានា កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនមុខសញ្ញានិវេទន៍ក្រហមឈ្មោះ DEWI ASTUTIK ចេញពីអាកាសយានដ្ឋានមរតកតេជោ តាមយន្តហោះពិសេស នាវេលាម៉ោង៤រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីប្រគល់ជូននគរបាលជំនាញ នៃប្រទេសឥណ្ឌូណេស៊ី ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។