ភ្នំពេញ៖ សមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំពិធីបើកសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៥ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ឧកញ៉ា ឆារស៍ វ៉ាន់ សមាជិកគណៈកម្មការប្រតិបត្តិសមាគមអ្នកសាងសង់កម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៥ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះនឹងមានការចូលរួមពីក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន ដាក់តាំងបង្ហាញ លក់សម្ភារបរិក្ខា ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ ព្រមទាំងមានអចលទ្រព្យ ធនាគារ និងសេវាកម្មជាច្រើនទៀត។
គួរបញ្ជាក់ថា ឆ្នាំ២០២៥នេះ គឺជាលើកទី១៥ហើយដែលសមាគមអ្នកសាងសង់កម្ពុជា រៀបចំ«ពិព័រណ៍ឧស្សហកម្មសំណង់កម្ពុជា-អន្តរជាតិ» ក្នុងគោលដៅផ្តល់ឱកាសឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិ បង្ហាញពីឧបករណ៍ និងសម្ភារៈរបស់ខ្លួន ជាពិសេសបង្កើតវេទិកាឱ្យអ្នកលក់ និងអ្នកទិញ ម្ចាស់រោងចក្រ បានជួបនិងស្វែងយល់គ្នាដោយផ្ទាល់៕