ភ្នំពេញ៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹងពីការដាក់ឱ្យអនុវត្តសាកល្បងនូវការលើកលែងទិដ្ឋការសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិនមកកម្ពុជា ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival Card។ ក្រសួងទេសចរណ៍ បញ្ជាក់បន្ថែថា ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចមកកម្ពុជាប៉ុន្មានលើកក៏បាន។
ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ភ្ញៀវជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅជំរុញកំណើនភ្ញៀវទេសចរចិនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត៕