681 ezgif.com resize
Swift cc time

ពិព័រណ៍ស្នាដៃ«រស់រាន» នឹងបន្តបើកឱ្យទស្សនាដល់ថ្ងៃទី១៩ ខែធ្នូ ដើម្បីឆ្លុះបញ្ចាំងពី«ការចងចាំនាពេលអតីតកាលដ៏ជូរចត់របស់កម្ពុជា»

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ពិព័រណ៍ស្នាដៃ«រស់រាន» ឆ្លុះបញ្ចាំងពី«ការចងចាំនាពេលអតីតកាលដ៏ជូរចត់របស់កម្ពុជា» នឹងបន្តបើកឱ្យទស្សនារហូតដល់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបុប្ផាណា ដោយសារសាធារណជននៅតែបន្តមានចំណាប់អារម្មណ៍មកលើជុំទី១នៃការតាំងពិព័រណ៍នេះ។ មជ្ឈមណ្ឌលបុប្ផាណាបានបញ្ជាក់ថាការតាំងពិព័រណ៍នេះនឹងឈានដាក់តាំងបង្ហាញបន្ថែមទៀត ដែលជាផ្នែកមួយនៃមហោស្រពរូបថតភ្នំពេញ។

យោងតាមមជ្ឈមណ្ឌលបុប្ផាណា បានឱ្យដឹងថា កាលពីសប្តាហ៍មុនមជ្ឈមណ្ឌលបុប្ផាណា បានប្រកាសការបិទបញ្ចប់ដំណើការជុំទីមួយនៃការតាំងពិព័រណ៍ “រស់រាន” ដែលជាការតាំងពិព័រណ៍ដ៏ធំមួយរបស់សិល្បករខ្មែរ លោក គឹម ហាក់ ប្រឹក្សាយោបល់ផ្ទាល់ជាមួយលោក ប៉ាន់ រិទ្ធី និងរៀបចំពិព័រណ៍ដោយ ម៉ឹង មេត្តា ក្រោមកិច្ចសហការជាមួយមូលនិធិរៃ ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាប្រមាណ ២ ០០០ នាក់ ចាប់តាំងពីបើកដំណើរការកាលពីពាក់កណ្តាលខែតុលា។ យ៉ាងណាមិញ ដោយឃើញថាសាធារណជននៅតែបន្តមានចាប់អារម្មណ៍ មជ្ឈមណ្ឌលបុប្ផាណាបានបញ្ជាក់ថាការតាំងពិព័រណ៍នេះនឹងឈានទៅធ្វើការតាំងបង្ហាញបន្ថែមទៀត ដែលជាផ្នែកមួយនៃមហោ ស្រពរូបថតភ្នំពេញ ដែលនឹងបន្តរការបើកទស្សនារូបថតរហូតដល់ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៥ ដោយឡែកវត្ថុពិតដែលតាំងបង្ហាញនៅក្នុងពិព័រណ៍ “រស់រាន” បច្ចុប្បន្នកំពុងត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

បើតាមមជ្ឈមណ្ឌលបុប្ផាណា ក្នុងរយៈពេលមួយខែចុងក្រោយ ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើន រួមមានសិស្សានុសិស្សពីសាលា ជាច្រើន សាកលវិទ្យាល័យ ក្រុមគ្រួសារ អង្គការ សហគមន៍ និងជនជាតិខ្មែរដែលវិលត្រឡប់ពីបរទេស។ ក្រុម សិស្សានុសិស្សមកពីសាលាជាច្រើន បានចូលរួមជាមួយកម្មវិធីអប់រំ ដែលរៀបចំឡើង ដើម្បីជួយដល់ទស្សនិកជនវ័យក្មេងឱ្យភ្ជាប់ទំនាក់ទំនងជាមួយប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា តាមរយៈការនិទានរឿងដោយរូបភាព។

ក្នុងអំឡុងខែតុលា និងខែវិច្ឆិកាទាំងមូល ពិព័រណ៍ “រស់រាន” បានប្រមូលផ្តុំជំពូកទាំងបួននៃគម្រោងរយៈពេលមួយទសវត្សរ៍របស់លោក គឹម ហាក់ មករួមបញ្ចូលគ្នា ដោយគម្រោងនេះបានចងក្រងនូវវត្ថុជាច្រើនដែលក្រុមគ្រួសារខ្មែរបានយកជាប់នឹងខ្លួន លាក់ទុក ឬរក្សាទុក ឆ្លងកាត់សម័យសង្រ្គាម ការផ្លាស់ទីលំនៅ និងការកសាងឡើងវិញ។ ជារឿយៗ អ្នកទស្សនាតែងចំណាយពេលយូរដើម្បីទស្សនា វិលមកទស្សនាម្ដងទៀត ឬនាំសាច់ញាតិមើលមើលការតាំងពិព័រណ៍ ដោយមនុស្សជាច្រើនបានពិពណ៌នាថារូបថត និងវត្ថុទាំងនោះជាគ្រឿងឱ្យពួកគាត់រំលឹកដល់ប្រវត្តិគ្រួសាររបស់ពួកគាត់ផ្ទាល់។ ការតាំងពិព័រណ៍នេះបានជម្រុញឱ្យមានការសន្ទនារវាងជំនាន់ ដោយអ្នកទស្សនាវ័យក្មេងសួរសំណួរ ហើយអ្នកទស្សនាវ័យចំណាស់បានចែករំលែកការចងចាំ ដែលពួកគេប្រហែលជាមិនធ្លាប់និយាយពីមុនមក។

ការបន្តរយៈពេលការតាំងពិព័រណ៍ “រស់រាន” ក្រោយការបញ្ចប់រយៈពេលការតាំងពិព័រណ៍ផ្លូវការ ឱ្យដល់ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងមហោស្រពរូបថតភ្នំពេញ នឹងអនុញ្ញាតឱ្យសាធារណជនមានពេលវេលាបន្ថែមដើម្បីចូល រួមជាមួយទស្សនារូបថតទាំងនេះ។ វគ្គអប់រំ និងកិច្ចដើរទស្សនាអមដោយការបង្ហាញ នឹងបន្តធ្វើឡើងក្នុងអំឡុងរយៈពេលបន្ថែមនេះ។

លោក ប៉ាន់ រិទ្ធី ទីប្រឹក្សាក្នុងការរៀបចំពិព័រណ៍ បានមានប្រសាសន៍ថា៖ “ការតាំងពិព័រណ៍នេះ ពិតជាធ្វើឱ្យសាធារណជនមានចំណាប់អារម្មណ៍ជាច្រើន។ ស្នាដៃរបស់ គឹម ហាក់ បានបំផុសឱ្យមានការកោតសរសើរ និងការគោរព ហើយការប្រើប្រាស់ទីតាំងនៅបុប្ផាណា គឺគួរឱ្យចាប់អារម្មណ៍។ លោក ជា សុភាព ជានាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា បានសម្រេចពន្យារពេលការតាំងពិព័រណ៍នេះ។ ទស្សនិកជនវ័យ ក្មេង និងសិស្សានុសិស្សនៅមិនទាន់ស៊ាំជាមួយការស្វែងរកស្នាដៃសិល្បៈនៅឡើយទេ។ អ្នកខ្លះក៏ទើបតែស្គាល់មជ្ឈមណ្ឌលបុប្ផាណានាពេលនេះដែរ។ ដូច្នេះ ការសម្រេចចិត្តរបស់ក្រុមការងារ គឺជាការសមហេតុផល ព្រោះយើងត្រូវការប្រើពេលវេលាដើម្បីធ្វើការជាមួយសិស្សានុសិស្សក៏ដូចជាអ្នកផ្សេងទៀត។ នេះជាវិធីសាស្រ្តបែបអប់រំ ដែល អនុញ្ញាតឱ្យមានការស្វែងយល់ថាតើរូបថត និងសិល្បៈជាអ្វី និងក៏ដូចជាដើម្បីស្គាល់អំពីការចងចាំផងដែរ។ នេះគឺដោយសារតែស្នូលចម្បងនៃស្នាដៃរបស់ គឹម ហាក់ គឺការបញ្ជូនការចងចាំឱ្យទៅមនុស្សជំនាន់ក្រោយ។ បើគ្មាន វប្បធម៌ទេ ក៏គ្មានការឆ្លុះបញ្ចាំងអំពីរបួសផ្លូវចិត្តរបស់យើង ឬការព្យាបាលរបួសនេះឡើយ។ ខ្ញុំកត់សម្គាល់ឃើញថានៅតែមានមនុស្សបន្តមកទស្សនា គឺមានទាំងជនជាតិខ្មែរមកពីអាមេរិកខាងជើង ឬអឺរ៉ុបផងដែរ។»៕


Khcct banner

អត្ថបទទាក់ទង