ថៃ៖ ប៉ូលីសថៃកាលពីថ្ងៃសៅរ៍បានចាប់ខ្លួនជនសង្ស័យចំនួនប្រាំមួយនាក់នៅក្នុងការឆបោកវិនិយោគដោយបានប្រើប្រាស់ឈ្មោះលោក ដូណាល់ត្រាំ និងសន្យាថានឹងទទួលបានប្រាក់ចំណេញរហូតដល់ ២០ ដងនៃការវិនិយោគប្រាក់ដើមវិញប្រសិនបើជនរងគ្រោះយល់ព្រមវិនិយោគជាមួយគេ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ BANGKOK POST។
យោងតាម BANGKOK POST ឧត្តមសេនីយ៍ឯក ថាតភូម ចារូបាត់ មេបញ្ជាការនៃកងពលបង្ក្រាបបទល្មើសសេដ្ឋកិច្ច បានពន្យល់ថា ការឆ្មក់ចូលដែលសម្របសម្រួលត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នៅទូទាំងខេត្តជាច្រើនដោយជនសង្ស័យត្រូវបានចាប់ខ្លួនគឺលោក អាធីណាត វ័យ ៥៧ ឆ្នាំ ត្រូវបានចាប់ខ្លួនរួមជាមួយអ្នកសមគំនិតចំនួនប្រាំនាក់។ ជនសង្ស័យទាំងប្រាំមួយនាក់ត្រូវបានចាប់ខ្លួនក្រោមដីការបស់តុលាការសម្រាប់បទល្មើសពាក់ព័ន្ធជាមួយនឹងការក្លែងបន្លំ សកម្មភាពប្រាក់កម្ចីហិរញ្ញវត្ថុក្លែងក្លាយ និងការណែនាំព័ត៌មានក្លែងក្លាយទៅក្នុងប្រព័ន្ធកុំព្យូទ័រ។
ក្នុងអំឡុងពេលឆែកឆេរ មន្ត្រីបានរឹបអូសឧបករណ៍អេឡិចត្រូនិក និងឯកសារមួយចំនួន រួមមានទូរស័ព្ទដៃចំនួនប្រាំបីគ្រឿង កុំព្យូទ័រយួរដៃចំនួនបី ថេប្លេតមួយ សៀវភៅគណនីធនាគារចំនួន ២២ ក្រដាសអនុញ្ញាតបរទេសចំនួន ៣៣ ដែលមានតម្លៃ ៧៨៣,៨ លានដុល្លារអាម៉េរិក ដែលមានហត្ថលេខារបស់លោក ដូណាល់ ត្រាំ។
តាមអ្នកស៊ើបអង្កេត ក្រុមនេះបានផ្សព្វផ្សាយការបោកប្រាស់នេះដោយអះអាងថាមានការជាប់ពាក់ព័ន្ធជាមួយមូលនិធិប្រេងនីហ្សេរីយ៉ា ដោយប្រើប្រាស់រឿងនេះដើម្បីទាក់ទាញជនរងគ្រោះឱ្យផ្ទេរប្រាក់ជាង ១៣ លានបាតទៅ និងទទួលសំណងត្រឡប់វិញ ២០ដងនៃប្រាក់ដើម៕