ភ្នំពេញ៖គិតពីចាប់ផ្តើមអនុវត្តនៃយន្តការ«ដោះស្រាយវិវាទដីធ្លី»នៅទូទាំងប្រទេសកម្ពុជារបស់ក្រសួងរៀបចំដែនដី មកដល់ឆ្នាំ២០២៥ ទទួលពាក្យបណ្តឹង សរុប ចំនួន ១៦ ៣៦៤ ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន ១៦ ២៨២ ករណី និង កំពុងដោះស្រាយចំនួន៨២ ករណី។ក្រសួងមានមហិច្ឆិតា ដំណោះស្រាយករណីវិវាទនៅសេសសល់ ដើម្បីបិទបញ្ចប់ ពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាក្នុងសង្គម។
ការងារដោះស្រាយវិវាទដីធ្លី គឺជាការងារអាទិភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពន្លឿនការដោះស្រាយវិវាទដីធ្លី បង្កើតបរិយាកាសគ្មានវិវាទ បញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គម លុបបំបាត់វិវាទដីធ្លីដែលមានចរិតនយោបាយ។បច្ចុប្បន្ន ក្រសួងបាននិងកំពុងអនុវត្តយន្តការចំនួន ៣ អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី គណៈកម្មការសុរិយោដី និង ក្រុមការងារប្រតិបត្តិការក្នុងរាជធានី ខេត្ត គោលដៅចំនួន២៥ ដើម្បីសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច រកដំណោះស្រាយចំពោះករណីវិវាទដែលនៅសេសសល់ ដើម្បីបិទបញ្ចប់ ពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាក្នុងសង្គម បង្កភាពអនុគ្រោះដល់ដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចនៅតាមមូលដ្ឋាន បង្កើនល្បឿនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
យោងតាមរបាយការណ៍របស់នៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និង ទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការដោះស្រាយវិវាទ ក្រសួងឈរលើមូលដ្ឋានគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានក្រោមច្បាប់ និងបទដ្ឋានបច្ចេកទេស ដោយប្រកាន់យកគោលការណ៍ ឈ្នះ-ឈ្នះ ការផ្សះផ្សារ ការបង្រួបបង្រួម ភាពស្មោះត្រង់ និងការឯកភាពគ្នា ប្រកបដោយសច្ចធម៌ គុណធម៌ និងយុត្តិធម៌ ។
ក្នុងឆ្នាំ២០២៥នេះ យន្តការដោះស្រាយវិវាទដីធ្លីទាំង៣ បានទទួលពាក្យបណ្តឹងចំនួន ២២៦ ករណី និង ដោះស្រាយបញ្ចប់នីតិវិធីចំនួន ១១២៥ ករណី។ គិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៥ ទទួលពាក្យបណ្តឹង សរុប ចំនួន ១៦ ៣៦៤ ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន ១៦ ២៨២ ករណី និងកំពុងដោះស្រាយចំនួន៨២ ករណី៕