ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាពមួយសម្រាប់សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដោយបើកកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រសួងទេសចរណ៍ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
លោកស្រី Tania Meyer នាយិកាធនាគារពិភពលោក (WB) ប្រចាំកម្ពុជា បានលើកឡើងថា តាមរយៈលទ្ធផលការងារកន្លងមក ដោយមានកិច្ចសហការល្អពីរាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់វិស័យទេសចរណ៍ដល់ជីវភាពប្រជាពលរដ្ឋ និងសហគមន៍ ធនាគារពិភពលោក (WB) បានលើកពីគម្រោងរបស់ធនាគារដែលអាចគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍ និងការបង្កើតភាពជាដៃគូរវាងធនាគារពិភពលោក និងក្រសួងទេសចរណ៍។
ជាមួយគ្នានេះ លោក ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីនាយិកាដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក តាមរយៈការបេ្តជ្ញាចិត្តបង្កើតកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្នា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសលើការចូលរួមជួយសហគមន៍អេកូទេសចរណ៍ ដែលពិតជាផ្តល់នូវអត្តប្រយោជន៍ដ៏ធំធេងដល់សហគមន៍ និងប្រជាជនកម្ពុជា៕