ភ្នំពេញ៖ ក្រសួងទេសចរណ៍ និង ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន US-ASEAN Business Council (USABC) នៅថ្ងៃទី១ ធ្នូ បានសហការរួមគ្នា ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគិនពីសហរដ្ឋអាម៉េរិកមកទស្សនា និងស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើង។ ជាជំនួបដោយមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបជាមួយប្រតិភូរបស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ព្រមទាំងលោក-លោកស្រីតំណាងក្រុមហ៊ុនអាម៉េរិកធំៗ ដែលជាសមាជិកក្រុមប្រឹក្សា ស្តីអំពីកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពពិត និងកាលានុវត្តភាពវិនិយោគក្នុងវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា។
តាមរយៈកិច្ចជំនួបនេះ ភាគីទាំងពីរ បានយល់ស្របគ្នាថា ប្រទេសកម្ពុជា ជាប្រទេសមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប និង កាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ ដែលនឹងសហការរួមគ្នាធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីសហរដ្ឋអាម៉េរិកមកទស្សនា និង ស្វែងយល់ពីឱកាសវិនិយោគឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council ឬ USABC) ជាអង្គការដ៏សំខាន់បណ្តុំនូវក្រុមហ៊ុនអាម៉េរិកធំៗ ដែលប្រកបអាជីវកម្មក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បង្កើតឡើងក្នុងឆ្នាំ ១៩៨៥។ ក្រុមប្រឹក្សាមានទីស្នាក់ការកណ្ដាលនៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី និងការិយាល័យនៅទីក្រុងធំៗ ផ្សេងៗ ទៀតដូចជា៖ ញូវយ៉ក, បាងកក, ហាណូយ, ហ្សាកាតា, គូឡាឡាំពួ, ម៉ានីលា ហ្វីលីពីន និងសិង្ហបុរី។ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដែលជាសមាជិករបស់ក្រុមប្រឹក្សាមានដូចជា Abbott, ConocoPhillips, Marriott International, Mastercard, Visa, Meta, 3M, Ford & RMA Cambodia, Manulife, Coca-Cola, Plug and Play, Vriens & Partners៕