ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ២៦ តុលា បានចុះហត្ថលេខា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដើម្បីពង្រីកពាណិជ្ជកម្មទ្វេភាគី។ជាកិច្ចព្រមព្រៀងដោយមតិមួយចំនួនរិះគន់ថា មានបញ្ចូលនូវលក្ខខណ្ឌមួយ តម្រូវឲ្យកម្ពុជាមិនត្រូវចុះហត្ថលេខាជាមួយប្រទេសផ្សេង លើកិច្ចព្រមព្រៀងចាត់ទុកថា “ប្រឆាំងផលប្រយោជន៍អាម៉េរិក។ប៉ុន្តែយ៉ាងណា អ្នកជំនាញនៅតែមើលឃើញថា មហាអំណាចចិន បន្តព្យាយាមរក្សាឥរិយាបថដ៏ល្អជាមួយកម្ពុជា និង យល់ច្បាស់ពីតម្រូវការកម្ពុជាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក។
ថ្មីៗនេះ បណ្តាញសារព័ត៌មានមួយចំនួន ព្យាយាមផ្សាយគាស់កកាយស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-អាម៉េរិក ដែលអាចទាញកម្ពុជាដើរចេញឱ្យឆ្ងាយពីចិន ខណៈដែលចិន គឺជាប្រទេសនាំមុខគេលើ ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និង ជាទំនាក់ទំនងបងប្អូន ចាក់ទឹកមិនលិច ទំនាក់ទំនងគ្រប់រដូវកាល មិត្តដែកថែប ជាដើម។កិច្ចព្រមព្រៀង ដោយមតិមួយចំនួនរិះគន់ថា មានបញ្ចូលនូវលក្ខខណ្ឌមួយប្រៀបប្រដូចជា ថ្នាំពុល(ឬ អ្នកជំនាញតែងតែនិយាយថាpoison pill clauses”) ដែលដាក់កំហិតកម្ពុជាលើលំហ កិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងដែលជាគូប្រជែងជាមួយអាម៉េរិក។
កាលពីថ្ងៃទី ១៨ វិច្ឆិកា ក្នុងកិច្ចប្រជុំគណៈកម្មការរួម នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន–កម្ពុជា លោក Li Chenggang តំណាងចរចាពាណិជ្ជកម្មអន្តរជាតិ និង ជាអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានថ្លែងពីភាពយល់ច្បាស់របស់មហាអំណាចចិន ចំពោះតម្រូវការសេដ្ឋកិច្ចរបស់កម្ពុជា និងថែមទាំងប្រកាសគាំទ្រការចរចារបស់កម្ពុជា ជាមួយអាម៉េរិក និង ប្រទេសផ្សេងទៀត។ជាមួយការប្រកាស លោកថែមទាំងបាន រម្លឹកដល់កម្ពុជាឱ្យប្រុងប្រយ័ត្នជាប្រចាំ ចំពោះលក្ខខណ្ឌណា ដែលបង្កឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍពាណិជ្ជកម្មសកល ការសហការតំបន់ និង ទំនាក់ទំនងអត្ថប្រយោជន៍រវាងចិន និង កម្ពុជា។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន Guancha.cn បានឱ្យដឹងថា មហាអំណាចអាម៉េរិក បានបញ្ចូលលក្ខខណ្ឌមួយដែលភាសាខ្មែរថា ថ្នាំពុល (ឬ អង់គ្លេសហៅថាpoison pill clauses)ទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា រួមទាំងលក្ខខណ្ឌតម្រូវឲ្យគោរពវិធានទណ្ឌកម្មរបស់អាម៉េរិក និង ការកំណត់ថា ប្រសិនបើប្រទេសណាមួយចុះហត្ថលេខាលើកិច្ចព្រមព្រៀងចាត់ទុកថា “ប្រឆាំងផលប្រយោជន៍មូលដ្ឋាន” របស់ខ្លួន អាម៉េរិក អាចបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជាបានភ្លាមៗ។
តែយ៉ាងណាដ៏ដោយ បណ្តាញផ្សព្វផ្សាយចិន បានលើកឡើងពីជំហររបស់កម្ពុជាដោយបានបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់កម្ពុជានឹងបន្តពង្រឹងសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និង សេដ្ឋកិច្ចជាមួយចិនឲ្យកាន់តែស៊ីជម្រៅ៕