ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងរៀបចំទិវាអាកាសចរណ៍ស៊ីវិលកម្ពុជា លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោមប្រធានបទ «អាកាសចរណ៍ស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញ សេដ្ឋកិច្ចទេសចរណ៍ សង្គម និងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព នៅព្រះរាជាណាចក្រកម្ពុជា»។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
បើតាមសេចក្ដីជូនដំណឹង នាឱកាសនោះ នឹងរួមបញ្ជូលនូវសកម្មភាពជាច្រើនដើម្បីអបអរសាទរពិធីនេះ មានដូចជា៖ កម្មវិធី រត់ប្រណាំងលើផ្លូវយន្តហោះ (Runway Fun Run 5km) ក៏ដូចជាការតាំងពិព័រណ៍បង្ហាញផលិតផលសេវាកម្មអាកាសចរណ៍ ការតាំងបង្ហាញយន្តហោះធន់តូច ការបង្ហោះត្រូន ម្ហូបអាហារផលិតផលខ្មែរ ការប្រគុំតន្ត្រី និងការផ្តល់ជូនកាដូអនុស្សាវរីយ៍ជាច្រើនពីក្រុមហ៊ុនអាកាសចរណ៍នានា ដែលនឹងត្រូវរៀបចំឡើងនៅអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (VIP Terminal)។
វិស័យអាកាសចរណ៍ស៊ីវិល ជួយជំរុញលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ សង្គម រវាងប្រជាជននិងប្រជាជន ជួយបង្កើនចំណូលជាតិ និងបង្កើតការងារនៅកម្ពុជា។
ការប្រារព្ធទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១នេះ ត្រូវបានរៀបចំឡើងដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ ដែលបានសម្រេចដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងស្របតាមស្មារតីរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) ផងដែរ ដែលបានបង្កើត និងប្រារព្ធពិធី ទិវាអាកាសចរណ៍ស៊ីវិលពិភពលោក ជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ ខែធ្នូ ក្នុងគោលបំណងប្រារព្ធខួបនៃការចុះហត្ថលេខាអនុសញ្ញាស្ដីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ដែលត្រូវបានគេស្គាល់ថាជាអនុសញ្ញាឈីកាហ្គោ-Chicago Convention) និងបង្កើនការទាក់ទាញវិស័យអាកាសចរណ៍ស៊ីវិលពិភពលោក។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៕