ហុងកុង៖ ទុក្ខសោកបានហូរចូលពេញតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ដោយចាប់ពីថ្ងៃសៅរ៍ ទីក្រុងនេះផ្តើមការកាន់ទុក្ខជាផ្លូវការរយៈពេលបីថ្ងៃ ចំពោះអ្នកដែលបាត់បង់ជីវិតក្នុងហេតុការណ៍ឆេះអគារដ៏អាក្រក់មិនធ្លាប់មាន។មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្ដុំគ្នាគោរពវិញ្ញាណក្ខន្ធ និង ជូនផ្កាដល់ជនរងគ្រោះ ជាមួយទឹកមុខក្រៀមក្រំ និងភាពសោកសៅ។
ហេតុការណ៍ឆាបឆេះអគារលំនៅដ្ឋាន Wang Fuk Court នៅទីក្រុងហុងកុង ប្រទេសចិន បានឆក់យកជីវិតមនុស្សចំនួន ១៤៦ នាក់ និង ១០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន គិតត្រឹមម៉ោង ៤:០០ នាទីរសៀល ម៉ោងក្នុងស្រុកថ្ងៃអាទិត្យ។
ដើម្បីកាន់ទុក្ខនៃសោកនាដកម្មនេះ រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានណែនាំឱ្យបង្ហូតទង់ជាតិពាក់កណ្តាលដង ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃចន្ទ ហើយក្នុងអំឡុងពេលនេះ មន្ត្រីរដ្ឋាភិបាល នឹងមិនចូលរួមសកម្មភាពសាធារណៈដែលមិនចាំបាច់។ចំណែកឯ សកម្មភាពកម្សាន្ត និង អបអរសាទរទាំងអស់ដែលរៀបចំ ឬផ្តល់មូលនិធិដោយរដ្ឋាភិបាលត្រូវបានលុបចោល ឬពន្យារពេលឱ្យបានសមស្រប។ជាមួយគ្នានោះ រដ្ឋាភិបាលបានបង្កើតទីតាំង ដើម្បីចូលរួមរំលែកទុក្ខជាច្រើនកន្លែងនៅក្នុងស្រុកទាំង ១៨ នៃទីក្រុង ដែលអនុញ្ញាតឱ្យសាធារណជនចុះហត្ថលេខាលើសៀវភៅចូលរួមរំលែកទុក្ខ និង កាន់ទុក្ខដល់ជនរងគ្រោះ។
ពលរដ្ឋទីក្រុងហុងកុង បានធ្វើបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន CCTV ដោយសម្តែងនូវភាពសោកស្ដាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ និងបង្ហាញនូវសាមគ្គីភាពយ៉ាងជ្រាលជ្រៅបន្ទាប់ពីអគ្គីភ័យឆាបឆេះដ៏សាហាវ។ពួកគេបានចូលរួមដាក់កម្រងផ្កា ជាមួយការអធិស្ឋានដោយឱនក្បាលចុះ ដើម្បីគោរពដល់ជនរងគ្រោះ និងបួងសួងជូនចំពោះដួងវិញ្ញាណក្ខន្ធជនរងគ្រោះបានទៅកាន់សុគតិភព និងជូនពរអ្នកដែលរងរបួសឱ្យឆាប់ជាសះស្បើយ។