ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យអ្នកផលិតមាតិកា បញ្ចេញទេពកោសល្យ ការច្នៃប្រឌិត និងសមត្ថភាព ក្នុងការបង្ហាញឱ្យពិភពលោកបានឃើញពីសម្រស់ដ៏ស្រស់ស្អាត សម្បត្តិវប្បធម៌ និងធម្មជាតិដ៏អស្ចារ្យព្រមទាំងភាពសម្បូរបែបនៃតំបន់សក្តានុពលទេសចរណ៍របស់កម្ពុជា។ ការលើកឡើងនេះ ក្នុងពិធីប្រកាសបើកជាផ្លូវការ ពានរង្វាន់វីរៈប៊ុនថាំ«មាតិកាទេសចរណ៍ឆ្នើម» នៅថ្ងៃទី៣០ ខែវិច្ឆិកា ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត ។
បើតាមលោក ហួត ហាក់ បានសំណូមពរឱ្យបងប្អូនអ្នកផលិតមាតិកា បញ្ចេញទេពកោសល្យ ការច្នៃប្រឌិត និងសមត្ថភាពក្នុងការបង្ហាញឱ្យពិភពលោកបានឃើញពីសម្រស់ដ៏ស្រស់ស្អាត សម្បត្តិវប្បធម៌ និងធម្មជាតិដ៏អស្ចារ្យព្រមទាំងភាពសម្បូរបែបនៃតំបន់សក្តានុពលទេសចរណ៍របស់កម្ពុជា, ម្ហូបអាហារខ្មែរ, ប្រពៃណី ទំនៀមទំលាប់ខ្មែរ,បដិសណ្ឋារកិច្ចកក់ក្តៅ, ការស្នាក់នៅគ្រប់កម្រិត, ការកម្សាន្ត, ស្នាមញញឹមរបស់ប្រជាជនខ្មែរ ទាំងអស់នេះគឺជា អត្តសញ្ញាណខ្មែរ។ លោកបន្ថែមថា ជាពិសេស ជំរុញឱ្យបងប្អូនបន្តចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានវិជ្ជមាន អំពីប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា ពិធីប្រកាសបើកជាផ្លូវការ ពានរង្វាន់នេះ សម្រាប់បេក្ខជន-បេក្ខនារី ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ជាច្រើនដូចជា៖ ជ័យលាភីលេខ១ ទទួលបាន $5,000, ជ័យលាភីលេខ២ ទទួលបាន $1,000, ជ័យលាភីលេខ៣ ទទួលបាន $500។ លើសពីនេះ ជ័យលាភីទាំងអស់ នឹងទទួលបានការស្នាក់នៅ ជិះឡាន ផ្ញើទំនិញ ដោយឥតគិតថ្លៃផងដែរ៕