ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីមួយ ដោយបន្តអនុគ្រោះអាការលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
បើតាមសេចក្ដីប្រកាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុក ដែលជាអាហារជាមូលដ្ឋាន ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។
សេចក្ដីប្រកាសបញ្ជាក់ថា អាហារជាមូលដ្ឋានសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួន ដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ មានដូចជា៖ ១- សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។ ២- ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ។ ៣- ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។ ៤- ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់។ ៥- អំបិលគ្រប់ប្រភេទ។ ៦- ទឹកត្រី ឬទឹកស៊ីអីវគ្រប់ប្រភេទ។
ក្រសួងសេដ្ឋកិច្ចបញ្ជាក់បន្ថែមថា ប្រកាសនេះ ត្រូវបានចាត់ជាបន្ទុករបស់រដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៨។ ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមក្នុងប្រការនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ៕