681 ezgif.com resize
Swift cc time

ប្រឡាយមេរលាំងជ្រៃស្លាគូ ដែលមានសមត្ថភាពរំដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញ សម្រេចការសាងសង់បានប្រមាណ ៩៩%

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

កំពង់ស្ពឺ៖ ប្រឡាយមេរលាំងជ្រៃស្លាគូ ប្រវែង ៥៨,៤៥គីឡូម៉ែត្រ គឺជាផ្នែកមួយនៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ មានតួនាទីជួយពង្វាងទឹកបានប្រមាណ២០០ម៉ែត្រគូបក្នុង១វិនាទី សម្រេចសាងសង់បានប្រមាណ ៩៩%។

នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងខេត្តកណ្តាល ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារប្រឡាយមេរលាំងជ្រៃខាងត្បូង(រលាំងជ្រៃ-ស្លាគូ) ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ៩៩%។

អនុគម្រោងប្រឡាយមេរលាំងជ្រៃខាងត្បូងឬប្រឡាយមេរលាំងជ្រៃស្លាគូប្រវែង ៥៨,៤៥គីឡូម៉ែត្រគឺជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់ជុំវិញ ដែលមានតួនាទីជួយពង្វាងទឹកចេញពីស្ទឹងព្រែកត្នោត ពីប៉ែកខាងលើនៃខេត្តកំពង់ស្ពឺ ក្នុងបរិមាណ ២០០ម៉ែត្រគូបក្នុង១វិនាទី ដើម្បីជួយរម្លែកទឹកចេញពីស្ទឹងព្រែកត្នោត និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ឱ្យធ្លាក់ចូលទៅស្ទឹងស្លាគូ ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវ។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់ជុំវិញ ជំហានទី១ និងទី២ ដែលការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបប្រមាណ ៣៦៦កន្លែង។ គម្រោងនេះគ្របដណ្ដប់ឃុំចំនួន១៨ ស្រុកចំនួន៤ ក្នុងខេត្តកំពង់ស្ពឺ ឃុំចំនួន២៨ ក្រុង-ស្រុកចំនួន៥ ក្នុងខេត្តកណ្តាល សង្កាត់ចំនួន១០ ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ និងភូមិចំនួន១៥ ឃុំចំនួន២ ស្រុកចំនួន១ ក្នុងភូមិសាស្ត្រខេត្តតាកែវ៕


Khcct banner

អត្ថបទទាក់ទង