681 ezgif.com resize
Swift cc time

កម្ពុជា-នូវែលសេឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានគូសបញ្ជាក់ថា នូវែលសេឡង់ ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ហើយនូវែលសេឡង់នឹងបន្តគាំទ្រ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀត។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ជាពិសេសលោកក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ នូវែលសេឡង់-កម្ពុជា និងបានគូសបញ្ជាក់ថា នូវែលសេឡង់ ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ហើយនូវែលសេឡង់នឹងបន្តគាំទ្រ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀត។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចលើកទឹកចិត្តដល់ក្រសួងការបរទេសនៃប្រទេសទាំងពីរបន្តនូវយន្តការដែលបានអនុវត្តនាពេលកន្លង ឱ្យបានទៀងទាត់ ដោយ សម្ដេចជឿជាក់ថា យន្តការនេះនឹងរួមចំណែកកាន់តែច្រើន ដល់ការពង្រឹង និងពង្រីកកិច្ចសហ-ប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ ដោយមិនត្រឹមតែភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងពង្រីកការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ព្រមទាំងរវាងប្រជាជន និងប្រជាជន ថែមទៀតផង។

នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងបន្ថែមថា ពាក់ព័ន្ធនឹងការពង្រីកការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននេះ កម្ពុជាក៏បានបង្កើតការិយាល័យតំណាងនៃសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសនូវែលសេឡង់ផងដែរ ក្នុងគោលបំណងពង្រីកនូវកាលានុវត្តភាពការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែល្អថែមទៀត។

សម្ដេច ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ កសិកម្ម ទេសចរណ៍ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ផងដែរ៕


Khcct banner

អត្ថបទទាក់ទង