ភ្នំពេញ៖ សភាពាណិជ្ជកម្មឌុយបៃ (Dubai Chambers) បានជួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាពិសេសរវាងវិស័យឯកជននៃប្រទេសទាំងពីរ ខណៈកម្ពុជាកំពុងជំរុញឱ្យមានការនាំចេញកសិផលដែលមានសក្តានុពល ជាពិសេស អង្ករ និងគ្រាប់ស្វាយចន្ទី។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងរវាងលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក Salem Al Shamsi អនុប្រធានប្រតិបត្តិផ្នែកទំនាក់ទំនងអន្តរជាតិនៃសភាពាណិជ្ជកម្មឌុយបៃ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាឱកាសនេះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងពីគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជាក្នុងការជំរុញការនាំចេញកសិផលដែលមានសក្តានុពល (ជាពិសេស អង្ករ និងគ្រាប់ស្វាយចន្ទី) និងបានគូសបញ្ជាក់អំពីកាលានុវត្តភាពធុរកិច្ចនិងវិនិយោគនៅកម្ពុជា។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តឱ្យវិស័យឯកជនរបស់ភាគីទាំងពីរ ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។
ជាមួយគ្នានេះ លោក Salem Al Shamsi បានធ្វើការកោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសសមិទ្ធផលថ្មីគឺអាកាសយានដ្ឋានអន្តរជាតិតេជោ។ លោក ក៏បានលើកឡើងពីព្រឹត្តិការណ៍ New Horizons Roadshow ដែលរៀបចំដោយសភាពាណិជ្ជកម្មឌុយបៃ នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលនឹងផ្តល់នូវឱកាសក្នុងការផ្គូផ្គងធុរកិច្ច រវាងវិស័យឯកជននៃប្រទេសទាំងពីរ៕