ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ និងលទ្ធភាពក្នុងការសហការជាមួយកម្ពុជា លើគម្រោងថ្មីៗផ្សេងទៀតលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំដៅចូលរួមធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែង។ ចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Thomas Finken និងបានបញ្ជាក់ជូននូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមក្នុងការចង់បានកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គម។ លោកក៏បានលើកឡើងនូវកាលានុវត្តភាពនៃកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា។
លោក Thomas Finken តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ ជាពិសេសលោកក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ និងលទ្ធភាពក្នុងការសហការលើគម្រោងថ្មីៗផ្សេងទៀតលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំដៅចូលរួមធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែង៕