681 ezgif.com resize
Swift cc time

កម្ពុជា-វៀតណាមប្តេជ្ញាសាមគ្គីគ្នារក្សាការពារ«សន្តិភាព»តាមព្រំដែនដើម្បីជាប្រយោជន៍ប្រជាជាតិទាំងពីរ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ២៨ វិច្ឆិកា បានជួបជាមួយ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ក្នុងជំនួបនោះ សមភាគីជាន់ខ្ពស់នៃប្រទេសទាំងពីរបានមើលឃើញដូចគ្នាពីភាពល្អប្រសើរនៃទំនាក់ទំនងកម្ពុជា និង វៀណាមលើគ្រប់វិស័យ។ភាគីទាំងពីរ ប្តេជ្ញារួមគ្នារក្សាការពារ«សន្តិភាព»តាមព្រំដែនដើម្បីជាប្រយោជន៍ប្រជាជាតិទាំងពីរ។

ក្នុងជំនួបនោះលោក  Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និង វៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសមិនត្រឹមតែទំនាក់ទំនងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែទាំងទំនាក់ទំនងរវាងគណបក្ស និង គណបក្សផងដែរ ដែលមានភាពរីកចម្រើនល្អប្រសើរ។លោកបានសាទរពីភាពល្អប្រសើរនៃសន្តិភាព ស្ថិរភាពតាមព្រំដែនកម្ពុជា-វៀតណាម ហើយជំរុញឱ្យសមភាគីទាំងពីរចូលរួមបន្ថែមទៀត ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម ចំពោះការរក្សាបាននូវសន្តិសុខតាមព្រំដែនរវាងប្រទេសទាំងពីរ ដែលភាគីទាំងពីរបានដោះស្រាយជាមួយគ្នាជាច្រើនទាំងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងវិធានការផ្សេងៗទៀត ដែលធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ជាព្រំដែនដែលមានសុខសន្តិភាព និងធ្វើឱ្យប្រជាជនរស់នៅកាន់តែមានភាពល្អប្រសើរ។ សម្ដេច ក៏បានមានប្រសាសន៍ លើកឡើង ពីការផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ដែលវាជាអំណោយផលដល់ការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ ដែលជាបំណងរបស់សម្តេចតេជោ។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមួយចំនួនរវាងកម្ពុជា និងវៀតណាម ជាពិសេសលើពាណិជ្ជកម្ម ដែលត្រឹមតែរយៈពេល៩ខែឆ្នាំ២០២៥នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជាង៩ពាន់លានដុល្លារ។សម្តេច ហ៊ុន សែន ពេញចិត្តចំពោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសង្ឃឹមថាគោលដៅដែលប្រទេសទាំងពីរដែលចង់សម្រេចឱ្យបាន ២០ពាន់លានដុល្លារនោះ នឹងអាចសម្រេចបាននៅពេលខាងមុខ។ 

បើតាមគម្រោង កម្ពុជា និងវៀតណាម នឹងសម្ពោធច្រកព្រំដែនអន្តរជាតិម៉ឺនជ័យជាមួយគ្នានៅដើមខែធ្នូខាងមុខនេះ ដែលនេះជាសញ្ញាបង្ហាញយ៉ាងវិជ្ជមានចំពោះការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការដឹកជញ្ជូនទំនិញ ផលិតផលទៅវិញទៅមករវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន ព្រមទាំងធ្វើឱ្យវិស័យផ្សេងៗមានទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង