ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា លោក Casey Barnett នៅថ្ងៃទី ២៨ វិច្ឆិកា បានបង្ហោះសារចោទប្រទេសថៃ បានរំលោភអនុសញ្ញាហ្សឺណែវដោយបន្តឃុំឃាំងយុទ្ធជនកម្ពុជា ១៨រូប និង បោកបញ្ឆោតសហរដ្ឋអាម៉េរិក។ការលើកឡើងនេះ ធ្វើឡើងក្រោយពី វីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និង ដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃដោយខុសច្បាប់អស់រយៈពេល១២៣ ថ្ងៃហើយ។
ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា លោក Casey Barnett បានចោទថៃ កំពុងរំលោភអនុសញ្ញាហ្សឺណែវ ដោយកាន់កាប់អ្នកទោសសង្គ្រាមកម្ពុជាចំនួន ១៨ នាក់ បន្ទាប់ពីការបញ្ចប់សកម្មភាពប្រយុទ្ធ។តាម មាត្រា ១១៨ នៃអនុសញ្ញាហ្សឺណែវលើកទី៣ មានចែងថា៖ «អ្នកទោសសង្គ្រាមត្រូវតែត្រូវបានដោះលែង និង ផ្ញើត្រឡប់ទៅប្រទេសរបស់ខ្លួនដោយមិនមានការពន្យារពេល បន្ទាប់ពីការឈប់សកម្មភាពប្រយុទ្ធយ៉ាងសកម្ម»។
បើតាមលោក Casey Barnett នាយករដ្ឋមន្ត្រីថៃ លោកអនុទីន កំពុងប្រើប្រាស់អ្នកទោសសង្គ្រាមទាំងនេះជាឧបករណ៍សង្កត់សង្កិន ដើម្បីសម្រេចគោលបំណងមួយចំនួន ដែលនឹងកើតឡើងឆ្ងាយបន្ទាប់ពីបញ្ចប់សកម្មភាពប្រយុទ្ធ ដែលជាការរំលោភអនុសញ្ញាហ្សឺណែវដោយចេតនា។ នាយករដ្ឋមន្ត្រីថៃ បាននិយាយថា ការដោះលែងអ្នកទោសសង្គ្រាម នឹងអាស្រ័យលើកម្ពុជា «ដកកងទ័ពចេញ កម្ចាត់មីន បង្ក្រាបប្រតិបត្តិការលួចបន្លំតាមអ៊ីនធឺណិត និងរៀបចំដាក់លំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋកម្ពុជា ដែលគាត់អះអាងថាកំពុងរំលោភចូលលើដែនដីថៃ។
លោកថា នាយករដ្ឋមន្ត្រីថៃ ក៏មានរួមគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសថៃ ឧត្តមជេនេរ៉ាល់ ណត្ថាភន នាក់ផានិច ដែលគាំទ្រគោលនយោបាយនេះ ដោយថ្លែងថា លក្ខខណ្ឌក្នុងការដោះលែងអ្នកទោសសង្គ្រាមកម្ពុជា អាស្រ័យលើបញ្ហាដូចជា ការអនុវត្តច្បាប់ប្រឆាំងនឹងអ្នកលួចបន្លំ និងការគ្រប់គ្រងព្រំដែន។(3)
នាយករដ្ឋមន្ត្រីថៃ អនុទីន បានទាមទារឱ្យបញ្ចប់សកម្មភាពលួចបន្លំ ប៉ុន្តែបានបញ្ឆោតសហរដ្ឋអាម៉េរិក និងកម្ពុជា នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី ២៦ តុលា។ មាត្រា ៥ នៃកិច្ចព្រមព្រៀងសន្តិភាព មានចែងថា៖ «ជាការបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃ ក្នុងការលើកកម្ពស់ការជឿជាក់ និងទំនុកចិត្តរវាងគ្នា ប្រទេសថៃតស៊ូប្តេជ្ញាដោះលែងអ្នកទោសសង្គ្រាមដោយរហ័ស»។
ឥឡូវនេះ ក្រោយជាងមួយខែទៅហើយ អ្នកទោសសង្គ្រាមចំនួន ១៨ នាក់នោះ នៅតែត្រូវបានកាន់កាប់ជាជនជាប់បង្ខំ។ នេះគឺជាការបន្លំ។