ភ្នំពេញ៖ ប្រធានស្ថានតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានបង្ហាញពីការតាំងចិត្តក្នុងការបន្តវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងការត្រៀមខ្លួនក្នុងការសហការនានា ដើម្បីបន្តលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យបានកាន់តែរឹងមាំថែមទៀត។ នេះជាការលើកឡើងរបស់លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង IFC ប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាការងារជាមួយលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាឱកាសនោះ លោកស្រី Towfigua បានលើកឡើងពីរបាយការណ៍សិក្សារបស់ IFC ទាក់ទងនឹងអនុសាសន៍សម្រាប់លើកកម្ពស់កិច្ចការពារអតិថិជន និងបញ្ជាក់ពីការបន្តចូលរួមគាំទ្រសកម្មភាពអាទិភាពនានា ដែលត្រូវបានអនុម័តក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលពី ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ បន្ថែមលើនេះ គណៈប្រតិភូ IFC ក៏បានបង្ហាញពីការតាំងចិត្តក្នុងការបន្តវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងការត្រៀមខ្លួនក្នុងការសហការនានា ដើម្បីបន្តលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យបានកាន់តែរឹងមាំថែមទៀត។
ជាមួយគ្នានេះ លោកស្រី ជា សិរី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយ IFC នាពេលកន្លងមក និងបានស្វាគមន៍ចំពោះការបន្តការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ លោកស្រីក៏បានមានប្រសាសន៍ពីការអនុវត្តយុទ្ធនាការជាច្រើននាពេលកន្លងមក សំដៅលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន ដែលមានដូចជា ការផ្សព្វផ្សាយវីឌីអូអប់រំអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការរៀបចំសិក្ខាសាលាស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន យុទ្ធនាការផ្សព្វផ្សាយពីប្រាក់រៀល ការដាក់បញ្ចូលមេរៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាជាតិ និងការដាក់ឱ្យអនុវត្តស្តង់ដាកិច្ចសន្យាឥណទាន ជាដើម។
ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនឹងកម្ចីក្រៅផ្លូវការ និងបញ្ហាផ្សេងទៀត ដែលទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការពារអតិថិជន និងលើកកម្ពស់ការផ្តល់និងការប្រើប្រាស់សេវាហិរញ្ញវត្ថុដោយការទទួលខុសត្រូវ។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា៕