ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា ជាមួយតំបន់ភូមិភាគស្វយ័ត Xizang ប្រទេសចិន ឯកភាពគ្នាពិនិត្យលទ្ធភាពរៀបចំ និងចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដោយគ្រោងធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចការងាររបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ទៅតំបន់ភូមិភាគស្វយ័ត Xizang នាដើមឆ្នាំ២០២៦ ខាងមុខនេះ។
នាឱកាសពិភាក្សាការងារនោះ លោក Jian Can អនុប្រធានគណៈកម្មាធិការអចិនន្ត្រៃយ៍នៃសភាតំណាងប្រជាជនតំបន់ភូមិភាគស្វយ័ត Xizang បានចែករំលែកនូវបទពិសោធណ៍នានាក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងអញ្ជើញរដ្ឋមន្រ្តីក្រសួងទេសចរណ៍ទៅទស្សនកិច្ចផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជន និងវិនិយោគិន និងដកស្រង់បទពិសោធន៍ផ្ទាល់។
ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើប្រធានគណៈប្រតិភូ ជួយផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់ប្រទេសកម្ពុជាដែលកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព និងការរីកចម្រើនគ្រប់វិស័យ និងសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងបានស្នើប្រធានគណៈប្រតិភូ ពិនិត្យលើលទ្ធភាព បង្កើតការហោះហើត្រង់មកកាន់រាជធានីភ្នំពេញ ឬ តំបន់ទេសចរណ៍ដូចជាខេត្តសៀមរាប ការរៀបចំវេទិកាធុរកិច្ចទេសចរណ៍ និងដំណើរសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជា។
ជាចុងក្រោយ ភាគីទាំងពីរ ក៏បានឯកភាពគ្នាពិនិត្យលទ្ធភាពរៀបចំ និងចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដោយគ្រោងចុះក្នុងអំឡុងពេលទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ទៅតំបន់ភូមិភាគស្វយ័ត Xizang នាដើមឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍៕