681 ezgif.com resize
Swift cc time

ក្រសួងទេសចរណ៍ចាត់ទុកភ្ញៀវទេសចរចិននៅតែជាភ្ញៀវអាទិភាព និងត្រៀមស្វាគមន៍ការមកកម្សាន្តនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា វិស័យទេសចរណ៍នៅតែបន្តដើរតូនាទីជាចន្ទល់ដ៏សំខាន់មួយ ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ដែលរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមាចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងន័យនេះ អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការស្រូបទាញកំណើនលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងវេទិកាទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ«ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រយៈពេល១០ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៤,៨ លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរពីប្រទេសចិនមានប្រមាណ ១លាននាក់។ ដូចនេះ វិស័យទេសចរណ៍នៅតែបន្តដើរតួនាទីជាចន្ទល់ដ៏សំខាន់មួយ ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ពិសេសលំហូរភ្ញៀវទេសចរ និងវិនិយោគិនពីចិន ជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរីកចម្រើន។ ជាក់ស្ដែង នៅឆ្នាំ២០២១៩ (មុនវិបត្តិជំងឺកូវីដ-១៩) កម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរចិនប្រមាណ ២,៣លាននាក់ ដែលស្មើប្រមាណមួយភាគបីនៃភ្ញៀវទេសចរអន្តរជាតិសរុបមកកម្សាន្តនៅកម្ពុជា។

លោកបន្តថា កម្ពុជាក៏បានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រឡប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្របសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនចិននៅកម្ពុជា។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បន្តថា លោកមានសុទិដ្ឋិនិយម កំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលនឹងបន្តដល់ឆ្នាំ២០២៦ នឹងក្លាយជាចលករយ៉ាងសំខាន់បន្ថែមទៀត ក្នុងការបង្កើននូវទំនាក់ទំនង និងការតភ្ជាប់វិស័យទេសចរណ៍ក៏ដូចជាទំនាក់ទំនង និងបេះដូង រវាងប្រជាជននៃប្រជាជាតិទាំងពីរ ដែលជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិន ឱ្យមានអត្ថន័យច្បាស់លាស់និងជាប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ និងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុខសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ៕


Khcct banner

អត្ថបទទាក់ទង