ភ្នំពេញ៖ នាយិកាថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានគាំទ្រដល់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍរបស់វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានកសាងកម្លាំងពលកម្មជំនាញ គាំទ្រតម្រូវការទីផ្សារការងារ និងទាក់ទាញ់វិនិយោគ។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងការងារក៏បានបង្ហាញនូវការជឿជាក់ថា បេសកកម្មរបស់លោកស្រីនាយិកាថ្មីប្រចាំប្រទេសកម្ពុជារបស់ ADB នឹងជួយជម្រុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និង ADB កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត សំដៅឈានទៅសម្រេចនូវគោលដៅដែលបានដាក់ចេញ។
ជាមួយគ្នានេះ លោកស្រីនាយិកា បានបង្ហាញពីមោទនភាពដែលបានឃើញពីការអភិវឌ្ឍស្ទើរគ្រប់វិស័យនៅប្រទេសកម្ពុជា ដោយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ជាចុងក្រោយ ភាគីទាំងពីរ បានឯកភាពគាំទ្រយ៉ាងពេញទំហឹង ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា ឱ្យកាន់តែស៊ីជម្រៅឆ្ពោះទៅរកវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕