ភ្នំពេញ៖ ក្រសួងសុខាភិបាល និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិជាតិ (United Nations Development Programme-UNDP) បន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទិសដៅទំនើបកម្មវិស័យសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល ប្រកបដោយនិរន្តរភាព សំដៅបង្កើនប្រសិទ្ធភាព គុណភាព និងការគ្របដណ្តប់ នៃការថែទាំសុខភាព។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។
បើតាមក្រសួងសុខាភិបាល នាឱកាសនេះ ភាគីទាំងពីរបាន ពិភាក្សាគ្នាលើវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រួចមាន៖ ១) ការពង្រឹងប្រព័ន្ធហិរញ្ញប្បទាន និងព័ត៌មានសុខាភិបាល (Health Financing and Information System) ២) ការលើកកម្ពស់ដំណោះស្រាយសុខាភិបាលឌីជីថល ៣)ការកែលម្អការគ្រប់គ្រងលទ្ធកម្ម និងសង្វាក់ផ្គត់ផ្គង់ ដោយប្រើដំណោះស្រាយឌីជីថលតាមតម្រូវការ ៤) ផែនទីបង្ហាញផ្លូវសម្រាប់ការផ្តល់ហិរញ្ញប្បទានសុខាភិបាល ប្រកបដោយនិរន្តរភាព និងដំណើរការក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រសួងសុខាភិបាល និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ នាពេលខាងមុខ។
លោក Enrico Gaveglia នាយកតំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណដល់លោករដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែលបានផ្តល់កិត្តិយស និងឱកាសសម្រាប់រូបលោក និងសហការី បានចូលជួបពិភាក្សាការងារ ស្វែងយល់អំពីអាទិភាពវិស័យសុខាភិបាល។
ជាមួយគ្នានេះ UNDP នឹងបន្តពង្រឹងភាពជាដៃគូជាមួយ ក្រសួងសុខាភិបាល និងរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការកំណត់ទិសដៅ ធ្វើទំនើបកម្មវិស័យសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល ប្រកបដោយនិរន្តរភាព ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងការគ្របដណ្តប់ នៃការថែទាំសុខភាព និងដើម្បីពង្រឹងប្រព័ន្ធ និងសមត្ថភាពស្ថាប័នឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
ក្នុងនាមក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ UNDP ដែលតែងតែគាំទ្រផែនការយុទ្ធសាស្ត្រក្រសួងសុខាភិបាល កម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឱ្យមាននិរន្តរភាព និងសមធម៌៕