ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងត្រៀមស្នើរដ្ឋាភិបាលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣ ដើម្បីជំរុញការតភ្ជាប់ផ្លូវហើរហោះរបស់កម្ពុជា ទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ ស្របគោលនយោបាយបើកចំហរដល់ជើងមេឃរបស់ប្រមុខររាជរដ្ឋាភិបាលកម្ពុជា។ កិច្ចព្រមព្រៀង និងពិធីសារចំនួន៣ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា ដោយវានឹងជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជន។ នេះជាការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មកកាន់ស៊ីស៊ីថាមស៍។
បើតាមការបញ្ជាក់ ក្រោមការខិតខំប្រឹងប្រែងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំដោយ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣នេះ បានបញ្ចប់ហើយ នឹងត្រៀមដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្រ្តី ពិនិត្យ និងអនុម័តនាពេលខាងមុខនេះ។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣នេះ រួមមាន៖ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន, សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។
លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា កិច្ចព្រមព្រៀង និងពិធីសារចំនួន៣ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា។ ក្នុងនោះ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជន នៃតំបន់ទាំងពីរ ជាពិសេសរវាងកម្ពុជា ជាមួយរដ្ឋសមាជិកនៃសហភាពអឺរ៉ុប, ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនលើដំណាក់ ផ្លូវរវាងកម្ពុជា និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប, បង្កើនកិច្ចសម្រួលការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិប្រកបដោយសន្តិសុខ សុវត្ថិភាព ផាសុកភាព ប្រើប្រាស់រយៈពេលខ្លី និងចំណាយតិចជាដើម។
ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍លើការជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន រួមទាំងអាស៊ាននិងចិន, ជំរុញក្រុមហ៊ុនអាកាសចរណ៍កម្ពុជានិងចិន ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនបន្ថែមទៀត, បង្កើនជម្រើសកាន់តែច្រើនថែមទៀតដល់អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិរវាងកម្ពុជានិងចិន, ទទួលបានការទាក់ទាញលើការកសាងនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិល រវាងកម្ពុជា និងចិន៕