681 ezgif.com resize
Swift cc time

កម្ពុជា នឹងរងឥទ្ធិពលព្យុះទី២៧«កូតូ» អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ខ្យល់កន្ត្រាក់ ពីថ្ងៃទី២៦-៣០ ខែវិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថាសម្ពាធទាបដែល កើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ឈ្មោះ កូតូ(Koto)T2527 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើកម្ពុជា។ កម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះទទួលរងឥទ្ធិពល កម្រិត ៣០% នឹងអាចបណ្តាលឲ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ជាមួយបាតុភូតខ្យល់កន្ត្រាក់ នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥៖

តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។

តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។

តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុង កម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០%។ រលកសមុទ្របោក បក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។

យោងលើការព្យាករដូចបានជម្រាបជូនខាងលើ ក្រសួងស្នើឲ្យសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ពិសេសបងប្អូននេសាទតាមសមុទ្រ។ ក្រសួងធនធានទឹក និងឧតុនិយម នឹង បន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

Khcct banner

អត្ថបទទាក់ទង