ភ្នំពេញ៖ គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺនសហគ្រាស ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០ រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង២លានកន្លែង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ស៊ុន មេសា បានគូសបញ្ជាក់ថា កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា។ កំណើននៃរោងចក្រដ៏ច្រើននេះ បង្ហាញពីវឌ្ឍនភាពនៃវិស័យកាត់ដេរនៅកម្ពុជា និងបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជន និងវិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបន្តអនុគ្រោះទៅដល់រោងចក្រសហគ្រាសថ្មីៗជាបន្តបន្ទាប់ ក្នុងនោះក្រសួងការងារ បានកាត់បន្ថយនូវសេវារបស់ខ្លួន ជិត២០សេវា ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់វិនិយោគិន។
អ្នកនាំពាក្យរូបនេះបន្ថែមថា នៅកម្ពុជាមិនត្រឹមតែមានលក្ខខណ្ឌការងារល្អប្រសើរនោះទេ ថែមទាំងសម្បូរទៅដោយកម្លាំងពលកម្មដែលមានជំនាញគ្រប់គ្រាន់ ដែលជាកត្តាគួបផ្សំក្នុងការទាក់ទាញអ្នកវិនិយោគផងដែរ។ លោកបន្តថា លក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ដែលធ្វើឱ្យអ្នកវិនិយោគចាប់អារម្មណ៍កាន់តែខ្លាំងមកលើកម្ពុជា បន្ថែមពីនេះ គឺការចូលរួមរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលក្រសួងការងារជាសេនាធិការជូនរាជរដ្ឋាភិបាល ផ្តល់នូវភាពបត់បែននូវឱកាសនៃការបណ្តុះបណ្តាលជូនបងប្អូនកម្មករកម្មការិនីគ្រប់ពេល។ លក្ខខណ្ឌការងារល្អ កម្មករមានជំនាញ ស្ថិរភាពនយោបាយ និងការទាក់ទាញវិនិយោគិនកាន់តែសម្បូរបែបដែលធ្វើឱ្យមានការវិនិយោគជាបន្តបន្ទាប់។
ជាចុងក្រោយ អ្នកនាំពាក្យរូមនេះបានគូសបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៥៧៩គម្រោង ជាមួយនឹងទុនវិនិយោគ ៩,២ពាន់លានដុល្លារអាម៉េរិក ដែលនឹងផ្តល់ឱកាសការងារ ៤០ម៉ឺនកន្លែងបន្ថែមទៀត ពីលើឱកាសការងារជាង ៨,២ម៉ឺនកន្លែងដែលកម្ពុជាមានស្រាប់៕