ព្រះសីហនុ៖គិតចាប់តាំងពីឆ្នាំ ២០២៤ រហូតដល់ខែតុលា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសជូនគម្រោងចំនួន ៣៩២ មានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨៧១ លានដុល្លារ និង ប៉ាន់ស្មានអាចបង្កើតការងារបាន ៥០ ៦៧០កន្លែង។នេះបើយោងតាមរបាយការណ៍នៃកិច្ចប្រជុំ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍ដដែល ក្នុងចំណោមគម្រោងជិត ៤០០គម្រោងនោះ មានគម្រោងពាក់ព័ន្ធអគារកំពុងជាប់គាំង ចំនួន ១៨៦ គម្រោងថ្មីមាន ចំនួន ១៦៦ គម្រោងពង្រីកមានចំនួន ២៥ និង គម្រោងមានស្រាប់ចំនួន ១៥។ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៤ វិច្ឆិកា អង្គប្រជុំសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសជូនគម្រោងចំនួន ១៩ ទៀត ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ២៧៦ លានដុល្លារ និង អាចបង្កើតការងារប្រមាណ ១ ៨៤៥ កន្លែង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៧ និងគម្រោងថ្មី ចំនួន ១២ ។
បើតាមរបាយការណ៍ គម្រោងទាំងនេះ រួមមានគម្រោង សណ្ឋាគារ អគារពហុមុខងារ រោងចក្រផលិតឧបករណ៍ជួសជុលរថយន្ត សិប្បកម្មផលិតក្តារបន្ទះ រោងច្រកផលិតគ្រឿងសង្ហារឹម រោងចក្រផលិតដំណាប់ផ្លែឈើ និងកែច្នៃគ្រាប់ធញ្ញជាតិ និង គម្រោងរោងចក្រផលិតទឹកស្អាត និង ផ្គត់ផ្គង់អគ្គិសនី។
គួរបញ្ជាក់ថា ការលើកទឹកចិត្តពិសេសពីរដ្ឋ គឺផ្តោតសំខាន់តាមរយៈការងារគន្លឹះចំនួន៤ ៖ ១). ការលើកទឹកចិត្តផ្នែកពន្ធ និង ការសម្របសម្រួលផ្នែករដ្ឋបាល ២). ការជំរុញការវិនិយោគប្រកបដោយគុណភាព ៣). ការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ និង ៤). ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តជាគំរូ សម្រាប់ទាក់ទាញ និង ថែទាំវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាទីតាំងវិនិយោគពហុបំណង និង ប្រកបដោយយុទ្ធសាស្ត្រ៕