ភ្នំពេញ៖ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ អន្តរជាតិ និងទេសចរណ៍ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំ«កិច្ចប្រជុំអនុគណៈកម្មការទំនាក់ទំនង និងធុរកិច្ច(អទធ)លើកទី១ ឆ្នាំ២០២៥»ដោយមានការចូលរួមពីអ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគម និងជាប្រធានអនុគណៈកម្មការ, អ្នកឧកញ៉ាហ៊ុន ឡាក់ អគ្គលេខាធិការ និងជាអនុប្រធានអនុគណៈកម្មការ, ឧកញ៉ា សូ សុខប៊ុនលីម អនុប្រធានអនុគណៈកម្មការ, ឧកញ៉ា ជា ដាណា និងឧកញ៉ា ស៊ន សុទ្ធី ដែលជាសមាជិកអនុគណៈកម្មការ ប្រពឹ្រត្តទៅនៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា។
កិច្ចប្រជុំនេះ ដើម្បីពិភាក្សា និងផ្ដល់ធាតុចូលលើរបៀបវារៈសំខាន់ៗ រួមមាន ការរៀបចំ «សន្និបាតលើកទី៣» របស់សមាគមឧកញ៉ាកម្ពុជា និង «ការរៀបចំវេទិកាធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា, សភាពាណិជ្ជកម្មចិននៅហុងកុង និងធុរជនចិន»។ ទន្ទឹមនឹងនេះ ការរៀបចំផែនការសកម្មភាពទំនាក់ទំនង និងធុរកិច្ចសម្រាប់ឆ្នាំ២០២៦ និង ការរៀបចំពិធីជួបជុំ និងពិសាភោជនាហារសាមគ្គីនៃគ្រួសារសមាគមឧកញ៉ាកម្ពុជា។
ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូនដោយមានការផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលពីសមាជិក និងសម្រេចបានលទ្ធផលវិជ្ជមានសម្រាប់ជាផែនការសកម្មភាពអនុវត្តក្នុងឆ្នាំ២០២៦ ខាងមុខនេះ៕