681 ezgif.com resize
Swift cc time

៧ថ្ងៃ មានក្មេងទំនើង និងជនងប់ល្បែងជាង៥០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្មេងទំនើងសរុប១១ករណី ឃាត់ខ្លួនមនុស្ស៣០នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៧ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីទាំងនោះ សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការ ខណៈអ្នកប្រព្រឹត្តល្បែង២២នាក់ក៏ត្រូវបញ្ជូនទៅតុលាការ និងអប់រំធ្វើកិច្ចសន្យាបញ្ឈប់១នាក់។ លោក ទូច សុឃៈ បន្ថែមថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបបានរយៈពេល៧ថ្ងៃនោះ មានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។

គួរបញ្ជាក់ថា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំមន្ត្រីនគរបាលយុត្តិធម៌ពង្រឹងការធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ រាល់ក្រុមក្មេងទំនើងដែលចាប់ និងស្រាវជ្រាវឃើញថាជាប់ពាក់ព័ន្ធ។ បើតាមអ្នកនាំពាក្យដដែល បទបញ្ជានេះ មានកម្មវត្ថុធានាឱ្យបានថាក្រុមក្មេងទំនើងនឹងប្រឈមទណ្ឌកម្មតាមផ្លូវច្បាប់ ឱ្យសមនឹងអំពើអុកឡុកសង្គមដែលពួកគេបានប្រព្រឹត្ត។

វិធានការនេះ ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ។ លោក ទូច សុឃៈ បានឱ្យដឹងទៀតថាប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិត្រៀមសហការជាមួយក្រសួងយុត្តិធម៌ ពិនិត្យលទ្ធភាពស្នើធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទណ្ឌកម្មបន្ថែមឱ្យកាន់តែធ្ងន់ធ្ងរ ក្នុងទោសពាក់ព័ន្ធនឹងករណីក្មេងទំនើងទៀតផង៕

Khcct banner

អត្ថបទទាក់ទង