ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ២៤វិច្ឆិកានេះ បានចេញនូវសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការចុះផ្សាយថា វៀតណាមបានសាងសង់ផ្លូវឆ្លងកាត់សមុទ្រទៅកាន់កោះត្រល់ អតីតទឹកដីកម្ពុជា។ក្នុងសេចក្តីប្រកាសនោះ ក្រសួងបានយកការបញ្ជាក់ពី ស្ថានទូតវៀតណាមនៅកម្ពុជាថា «គ្មានសង់ផ្លូវកាត់សមុទ្រ»រំលោភកិច្ចព្រមព្រៀងកម្ពុជា-វៀតណាម ដូចការចុះផ្សាយ។
ក្នុងសេចក្តីប្រកាសនោះ ពន្យល់ថា រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជា សំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់ កំពុងផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។ ក្រសួងការបរទេស ស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មាន ខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។