ភ្នំពេញ៖ មន្ត្រីនគរបាលចំនួន៤៣រូប ទទួលបានការបណ្តុះបណ្ដាលស្ដីពី “ការស៊ើបអង្កេតបទល្មើសរំលោភផ្លូវភេទលើអនិតិជន និងបទល្មើសស៊ីជម្រៅផ្សេងទៀតលើការរំលោភបំពានលើកុមារ” ពីអង្គភាពការពារកុមារ (CPU) ដើម្បីពង្រឹងនិងកសាងសមត្ថភាពបន្ថែម។
នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គភាពការពារកុមារ (CPU) បានធ្វើការបិទវគ្គបណ្តុះបណ្ដាលស្ដីពី “ការស៊ើបអង្កេតបទល្មើសរំលោភផ្លូវភេទលើអនិតិជន និងបទល្មើសស៊ីជម្រៅផ្សេងទៀតលើការរំលោភបំពានលើកុមារ” ដែលបានធ្វើឡើងអស់រយៈពេលមួយសប្តាហ៍កន្លងទៅនេះ ដោយមានសិក្ខាកាមជាមន្ត្រីនគរបាលចូលរួមសរុបចំនួន ៤៣រូប។
ក្នុងការបណ្តុះបណ្ដាលនេះ មានគ្រូឧទ្ទេសបរទេសជំនាញ គឺលោក ម៉ាយ ស្មីត (Mike Smith) លោក ចេហ្វ ម៉ាហឺ (Jeff Maher) លោក ម៉ាក ហ្វៅវើ (Mark Fower) និង លោក ឡេនស៍ លូក (Lance Lueck) ដែលបានចំណាយពេលវេលាវិលត្រលប់មកកម្ពុជាដើម្បីជួយបណ្តុះបណ្តាលក្នុងវគ្គនេះ ដែលលោកគ្រូឧទ្ទេសទាំងបួនរូបមានបទពិសោធន៍ការងារយ៉ាងទូលំទូលាយ ក្នុងវិស័យអនុវត្តច្បាប់ ផ្នែកចិត្តសាស្រ្ត របៀបសម្ភាសន៍ជនរងគ្រោះ និងជនសង្ស័យប្រកបដោយវិជ្ជាជីវៈ ក៏ដូចជាការដកហូតភស្តុតាងឌីជីថលផងដែរ។
បន្ថែមពីនេះ ប្រធានបទសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះរួមមាន ការគ្រប់គ្រងភស្តុតាងនិងកន្លែងកើតហេតុ ភស្តុតាងឌីជីថល ការសាកសួរសម្ភាសន៍កុមារ និងមេរៀនសំខាន់ៗផ្សេងៗទៀត ដែលជឿជាក់ថាប្រធានបទទាំងនេះ គឺពិតជាមានសារៈ សំខាន់ខ្លាំងសម្រាប់មន្រ្តីនគរបាលជាតិកម្ពុជាក្នុងការពង្រឹងនិងកសាងសមត្ថភាពបន្ថែម៕