681 ezgif.com resize
Swift cc time

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី សាងសង់សម្រេចបាន ១០០% នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង

បាត់ដំបង៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលអាចមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប បានសាងសង់សម្រេចបាន ១០០% ខណៈពេលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរជាមួយ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដើម្បីត្រៀមធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្នុងឱកាសនេះ ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង លោក សុខ លូ បានសម្តែងសេចក្តីត្រេកអរ សប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានសាងសង់ទំនប់ដូនទ្រី នេះឡើងដែលជាសមិទ្ធផលថ្មីមួយសម្រាប់បម្រើផលប្រយោជន៍នៅក្នុងខេត្តបាត់ដំបង។ គម្រោងនេះ ក៏នឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ជាពិសេសវិស័យទឹកស្អាតដែលបម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជួយកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងសាងសង់សម្រេចបាន ១០០% ហើយ ខណៈទំនប់នេះអាចមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប និងមានសក្តានុពលផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនកសិកម្មនៅរដូវវស្សាប្រមាណ ៣៣ ០០០ហិកតា និងរដូវប្រាំងប្រមាណ ៤ ៥០០ហិកតា ក្នុងឃុំចំនួន១៥ នៃស្រុកចំនួនបីគឺ ស្រុកមោងឬស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់៕

Khcct banner

អត្ថបទទាក់ទង