681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២៦ នៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានឯកភាពកំណត់យកថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២៥ បើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលកម្ពុជាយកទៅប្រើប្រាស់តាមតម្រូវការ។

ការកំណត់យកសប្តាហ៍ក្រោយ ដើម្បីពិភាក្សា និងអនុម័តនូវសេចក្តីជាច្បាប់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា មុននឹងឈានដល់របៀបវារៈនៃកិច្ចពិភាក្សាសេចក្តីព្រាងច្បាប់នេះ, អង្គប្រជុំនឹងមានការអាន និងស្ដាប់ ព្រះរាជសារព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧។

សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំក្នុងគម្រោងចំណាយថវិការដ្ឋសរុបចំនួន៤០.៩១៣ប៊ីលានរៀល ស្មើនឹង ១៨,៨៥ភាគរយ នៃផលិតផលសរុបក្នុងស្រុក(ផ.ស.ស.) ឬកើនចំនួន៧,៨ភាគរយ ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។

បើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា បន្តហ៊ុមព័ទ្ធ ដោយអន្តរកាលនៃពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជានោះឡើយជាអាទិ៍៖ ការប្រែប្រួលយ៉ាងរហ័សនៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់តែមានទំនោរទៅរកចរន្តគាំពារនិយម និងឯកតោនិយម តាមរយៈគោលនយោបាយពន្ធគយបដិការ ការបន្តបិទខ្ទប់ព្រំដែនគោក រវាងកម្ពុជា-ថៃ៕

Khcct banner

អត្ថបទទាក់ទង