ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាថ្ងៃទី១៩ វិច្ឆិកា បានបកស្រាយថា បញ្ហាខុសទិន្នន័យនៃឯកសារអត្រានុកូលដ្ឋានរបស់ប្រជាពលរដ្ឋមានលក្ខណៈ ចម្រុះ និងស្មុគស្មាញ ដោយសារការសរសេរដោយដៃដែលងាយនឹងមានកំហុសឆ្គង និងភាគច្រើនត្រូវបានរកឃើញថា អាចកើតឡើងដោយអចេតនាពីការពិនិត្យ ឬផ្ទៀងផ្ទាត់ ដោយមិនបានកត់សម្គាល់អំពីកំហុស ការធ្វេសប្រហែសរបស់មន្ត្រីជំនាញ និងការផ្តល់ទិន្នន័យមិនត្រឹមត្រូវ ឬទិន្នន័យស្មានៗរបស់ប្រជាពលរដ្ឋ។
បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា កំហុសមួយចំនួនបានកើតឡើងដោយអចេតនា មានន័យថាបានពិនិត្យ ឬផ្ទៀងផ្ទាត់ដែរ ប៉ុន្តែ មិនបានកត់សម្គាល់អំពីកំហុស។ កំហុសមួយចំនួនបានកើតឡើងដោយការធ្វេសប្រហែសរបស់មន្ត្រីជំនាញ មិនបានយកចិត្ត ទុកដាក់ និង កំហុសមួយចំនួនទៀតបានកើតឡើងដោយសារប្រជាពលរដ្ឋ (មួយចំនួន) បានផ្តល់ទិន្នន័យមិនត្រឹមត្រូវ ឬទិន្នន័យស្មានៗ ឬកែទិន្នន័យដោយចេតនា ដើម្បីប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ។
លើទិដ្ឋភាពជាក់ស្តែង មានករណីប្រជាពលរដ្ឋមួយចំនួនបានព្យាយាមកែដំឡើងអាយុដើម្បីស្នើ សុំចូលធ្វើការ ឬបន្ថយអាយុមិនទាន់ចង់ចូលនិវត្តន៍ ឬកែទិន្នន័យផ្សេងទៀតដើម្បីស្នើសុំទិដ្ឋាក (វីសា) ទៅក្រៅប្រទេស ដែលខុសនឹងការកំណត់របស់ច្បាប់។ មានករណីមួយចំនួនទៀត ប្រជាពលរដ្ឋខ្ចីសំបុត្រកំណើតគ្នាប្រើ ដោយមនុស្សពីរនាក់ ឬច្រើននាក់ប្រើសំបុត្រកំណើតតែមួយ។
បើតាមប្រភពដដែល ការកែសម្រួលជូនពលរដ្ឋ ត្រូវការចាំបាច់ឆ្លងកាត់តុលាការ ឬស្រាវជ្រាវស៊ើបព្រោះ ដើម្បីការពារនូវសិទ្ធិរបស់ពលរដ្ឋ ដូចជាកម្មសិទ្ធិលើអចលនទ្រព្យ សិទ្ធិធ្វើដំណើរ សិទ្ធិបោះឆ្នោត សិទ្ធិទទួលកេរមរតក សិទ្ធិក្នុងការបើកគណនីធនាគារ។ល។ ឧទាហរណ៍ ដីឡូត៍មួយកន្លែងជា កម្មសិទ្ធិរបស់បុគ្គលម្នាក់ ដែលមិនអាចជាន់អត្តសញ្ញាណជាមួយបុគ្គលណាផ្សេងឡើយ។ ធានាប្រសិទ្ធភាពលើការផ្តល់សេវាសាធារណៈ ដូចជាសេវាគាំពារសង្គម របបឧបត្ថម្ភផ្សេងៗ ប្រាក់សោធននិវត្តន៍ សេវាសុខភាព សេវាអប់រំ។ល។ ឧទាហរណ៍ បុគ្គលម្នាក់ទទួលបានសេវា ថែទាំសុខភាព និងព្យាបាលដោយឡែក ដែលមិនអាចជាន់ជាមួយបុគ្គលផ្សេងទៀតឡើយ។
បន្ថែមពីនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដូចជា មុខសញ្ញាពាក់ព័ន្ធបទល្មើស ដីកាចាប់ខ្លួន ការអនុវត្តកាតព្វកិច្ច ឬកិច្ចសន្យាផ្សេងៗ ដូចជាទិញ លក់អចលនទ្រព្យ កម្ចីធនាគារ ការបង់ពន្ធអាករផ្សេងៗ។ល។ ឧទាហរណ៍ បុគ្គលម្នាក់មានដីកា តាមចាប់ខ្លួនពីតុលាការ ដែលមិនអាចជាន់អត្តសញ្ញាណជាមួយបុគ្គលណាផ្សេងឡើយ៕