.jpg?1606721223)
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ៣០ វិច្ឆិកានេះ បានប្រកាសសម្រេចផ្អាកការជួបជុំ ការប្រមូលផ្តុំគ្នាដែលមានមនុស្សមិនឱ្យលើសពី២០នាក់រយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ការសម្រេចនេះ បន្ទាប់ពីមានការស្នើសុំពីក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក WTO។
យោងតាមសេចក្តីថ្លែងការណ៍ផ្ទាល់នៅរសៀលនេះ សម្តេច ហ៊ុន សែន បានថ្លែងពីការផ្អាកការជួបជុំដែលមានមនុស្សច្រើនលើសពី២០នាក់ ដោយរាប់ទាំង ការរៀបពាហ៍ពិពាហ៍ ការប្រជុំ រយៈពេល ១៥ថ្ងៃ សម្រាប់រាជធានីភ្នំពេញ និង ខេត្តសៀមរាបដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះទៅ។សម្តេចសុំការយោគយល់ពីប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ចំពោះការសម្រេចនេះ។
បើតាមសម្តេច ហ៊ុន សែន រាជរដ្ឋាភិបាលមិនហាមឃាតមិនឱ្យចេញក្រៅតាមដងផ្លូវទេ តែបើមិនមានការអ្វីចាំបាច់សូមកុំដើរចេញទៅក្រៅ ប្រសិនមានការជួយជុំត្រឹម២០នាក់ ត្រូវមានគម្លាតសង្គម អនាម័យ។
ជាមួយគ្នានេះ សម្តេចបានបញ្ជាដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសកម្មភាពបន្ទាន់នៅថ្ងៃនេះ ទាក់ទងនឹងការបិទសាលារៀន ហើយត្រូវចេញសេចក្តីណែនាំដល់ប្រធានមន្ទីរអប់រំរាជធានីខេត្តស្តីពីការបិទសាលារៀន ហើយការរៀនបន្តក៏ត្រូវផ្អាកសិនផងដែរ។សម្រាប់សម្តេចបើមិនដូច្នេះទេ កម្ពុជានឹងហួសពេលក្នុងការទប់ស្កាត់កូវីដ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៩ វិច្ឆិកាអ្នកធ្វើតេស្តពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នៅទូទាំងប្រទេស មានចំនួន ៣៣៣២សំណាក មកពី៧ខេត្ត ។ ចំណែកអ្នកឆ្លងកូវីដ១៩ ពី«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»គឺបានកើនឡើងដល់ ១៤នាក់ហើយ៕