ពោធិ៍សាត់៖ បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់រួចមក ឃើញថាខេត្តពោធិ៍សាត់បាន ទទួលឥទ្ធិពលពីខ្យល់មូលសុងមានល្បឿនពី ២ទៅ៥ម៉ែត្រ/វិនាទី មានភ្លៀងធ្លាក់ពីតិចទៅច្រើន គ្រប់ដណ្តប់ស្ទើរគ្រប់ទី កន្លែងទូទាំងខេត្តពោធិ៍សាត់ ដែលជាហេតុបង្កមានជំនន់ទឹកភ្លៀង។ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ឈានដល់កម្រិតប្រកាសអាសន្ន ហើយអាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនប្រុងប្រយ័ត្នខ្ពស់។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ស្ថានភាពឥទ្ធិពលពីខ្យល់មូលសុង នេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ ខេត្តពោធិ៍សាត់ មានភ្លៀងធ្លាក់ ផ្គររន្ទះពីតិចទៅច្រើន។ ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកបានកើនឡើងក្នុងកម្រិតមួយដែល ត្រូវប្រកាសអាសន្ន ។
ដើម្បីត្រៀមលក្ខណ:ការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួច មកឃើញថាមានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ ។ ឥទ្ធិពល នៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កអោយមានទឹកជំនន់ នៅក្នុង ខេត្តពោធិ៍សាត់។
យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹងដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹង ពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាច កើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕