ភ្នំពេញ៖ បច្ចុប្បន្ននេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានធ្វើស្ថិតិឃើញមានភោជនីយដ្ឋានម្ហូបជប៉ុនជិត៣០០កន្លែងនៅរាជធានីភ្នំពេញ កើនឡើងគួរឱ្យកត់សម្គាល់ ដែលអាចបញ្ជាក់ថាម្ហូបជប៉ុនកំពុងតែទទួលការពេញនិយមជាខ្លាំងនៅកម្ពុជា។ ទូតជប៉ុនបញ្ជាក់ថា តាមរយៈការផ្លាស់ប្តូរបទពិសោធម្ហូបអាហារ នឹងធ្វើឱ្យប្រជាជនមានការយល់ដឹងពីវប្បធម៌ និងទំនៀមទំលាប់គ្នាទៅវិញទៅមកដែលជួយជំរុញការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិរវាងគ្នានិងគ្នា។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធីអបអរសាទរខួប និងការសម្ពោធភោជនីយដ្ឋានមួយកន្លែងដែលជាការវិនិយោគរួមគ្នារវាងកម្ពុជា និងជប៉ុនៅទីក្រុងភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាឱកាសនេះ វិនិយោគិនជប៉ុន បានជម្រាបជូនគណៈអធិបតី និងភ្ញៀវកិត្តិយសអំពីចំណាប់អាម្មរណ៍ស្រលាញ់ប្រទេសកម្ពុជាជាផ្ទះទី២របស់ខ្លួន បដិសណ្ឋារកិច្ច ដែលពោរពេញដោយភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយន្តការលើកទឹកចិត្ត និងអនុគ្រោះដល់ការវិនិយោគ ជាហេតុនាំឱ្យមានការសម្រេចចិត្តក្នុងជំរុញការបោះទុនវិនិយោគបង្កើតសាខាបន្តបន្ទាប់នាពេលនេះ។
ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថាបច្ចុប្បន្ននេះ ស្ថានទូតបានធ្វើស្ថិតិឃើញមានភោជនីយដ្ឋានម្ហូបជប៉ុនជិត៣០០កន្លែង នៅរាជធានីភ្នំពេញកើនឡើងគួរឱ្យកត់សម្គាល់ ដែលអាចបញ្ជាក់ថាម្ហូបជប៉ុនកំពុងតែទទួលការពេញនិយមជាខ្លាំងនៅកម្ពុជា។ តាមរយៈការផ្លាស់ប្តូរបទពិសោធម្ហូបអាហារ នឹងធ្វើឱ្យប្រជាជនមានការយល់ដឹងពីវប្បធម៌ និងទំនៀមទំលាប់គ្នាទៅវិញទៅមកដែលជួយជំរុញការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិរវាងគ្នានិងគ្នា។
ទន្ទឹមនឹងនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអបអរសាទរចំពោះជោគជ័យរបស់អ្នកវិនិយោគកម្ពុជា-ជប៉ុន និងការចូលរួមចំណែកមិនត្រឹមតែការអភិវឌ្ឍវិស័យភោជនីយដ្ឋាន និងបដិសណ្ឋារកិច្ចទេ តែក៏បានចូលរួមចំណែកបង្ហាញពីសុខដុមរមនា និងចំណងមិត្តភាពដ៏ល្អរបស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន បរិយាកាសវិនិយោគដ៏ល្អរបស់កម្ពុជា ជាពិសេសគឺការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ប្រជាជនកម្ពុជាក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ម្ហូបអាហារចម្រុះដ៏សំបូរបែបពីគ្រប់តំបន់នៃពិភពលោក៕