681 ezgif.com resize
Swift cc time

ក្រសួងការងារ សហការជាមួយសមាគម TAFTAC ផ្សព្វផ្សាយលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់សហគ្រាស រោងចក្រ ក្រុមហ៊ុន នៅខេត្តបាត់ដំបង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

បាត់ដំបង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់អ្នកគ្រប់គ្រងសហគ្រាស រោងចក្រ ក្រុមហ៊ុន និងបុគ្គលិកផ្នែកធនធានមនុស្ស និងរដ្ឋបាលអនុលោមភាព សរុបចំនួន ១៦នាក់ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាឱកាសនេះ ក្រុមការងារបានពន្យល់ពីនីតិវិធីនៃការត្រួតពិនិត្យបញ្ជីអធិការកិច្ចផ្នែកលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ សុវត្ថិភាពគ្រឿងម៉ាស៊ីន មូលដ្ឋានគ្រឹះនៃសុវត្ថិភាពអគ្គិភ័យ និងនីតិវិធីស្នើសុំពិនិត្យកាយសម្បទាផងដែរ។

លោកវេជ្ជបណ្ឌិត លី សារុន ប្រធានការិយាល័យនៃនាយកដ្ឋានពេទ្យការងារ បានផ្សព្វផ្សាយនូវព័ត៌មាន និងយុទ្ធនាការមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ និងរបៀបរស់នៅប្រកបដោយសុខុមាលភាពដល់សិក្ខាកាមតាមរយៈការផ្សព្វផ្សាយនូវនីតិវិធីក្នុងការស្វែងរកការងារធ្វើដល់សិក្ខាកាម ដោយបង្ហាញជា (QR Code) និងលេខទូរសព្ទទំនាក់ទំនង ១២៩៧។

លោកវេជ្ជបណ្ឌិត បានបន្តផ្សព្វផ្សាយអំពីកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់សិក្ខាកាម ការផ្សព្វផ្សាយពីយុទ្ធនាការទប់ស្កាត់ជំងឺអេដស៍ និងគ្រឿងញៀន និងការផ្សព្វផ្សាយពីយុទ្ធនាការទប់ស្កាត់ជំងឺមិនឆ្លង ផលប៉ះពាល់ និងណែនាំឱ្យកាត់បន្ថយការបរិភោគស្ករ អំបិល និងខ្លាញ់លើសកម្រិត។

លើសពីនេះទៅទៀត លោក លន់ សុវណ្ណដា គ្រូបណ្តុះបណ្តាល បានធ្វើបទបង្ហាញបន្ថែមពាក់ព័ន្ធនឹងសុវត្ថិភាពនៃការប្រើប្រាស់ឡចំហាយ និងផលប៉ះពាល់ចំពោះសុខភាពដែលបណ្ដាលមកពីការស្រូបចូលនូវភាគល្អិត និងសារធាតុគីមីដែលកើតចេញពីការដុតកម្ទេចក្រណាត់ ព្រមទាំងជំរុញដល់សហគ្រាស រោងចក្រ ក្រុមហ៊ុន ឱ្យធ្វើការលុបបំបាត់ចោលការដុតកម្ទេចក្រណាត់ ដែលអាចឈានដល់ការបំពុលបរិយាកាសដល់បរិស្ថានជុំវិញ។

គួរបញ្ជាក់ថា ក្រុមការងារចូលរួម និងធ្វើបទបង្ហាញនាឱកាសនោះ ត្រូវបានដឹកនាំដោយលោក កូវ ប៊ុនធឿន អនុប្រធាននាយកដ្ឋាន តំណាងប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បទបង្ហាញនេះត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយ ណែនាំ និងបង្កើនការយល់ដឹងដល់សហគ្រាស រោងចក្រ ក្រុមហ៊ុន ស្ដីពីច្បាប់ បទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ៕


Khcct banner

អត្ថបទទាក់ទង