681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាម៉េរិក តាមរយៈស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការរួមចំណែកគាំទ្រវិស័យសុខាភិបាល រហូតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស នាពេលកន្លងមក និងពេលបច្ចុប្បន្ន។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

នាឱកាសនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលជានិច្ចជាកាលនៅបន្តជួយគាំទ្រដល់វិស័យសុខាភិបាល តាមរយៈជំនួយដោយផ្ទាល់ពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានចូលរួមសហការគាំទ្រវិស័យសុខាភិបាល ដើម្បីរក្សានិរន្តរភាពក្នុងការលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក។

លោកស្រីភារៈធារី បានថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាម៉េរិក និងជម្រាបជូនពីការដាក់ចេញ យុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយ (America First Global Health Strategy) ដែលនឹងត្រូវអនុវត្តតាមរយៈការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធានាបាននូវតម្លាភាព និងនិរន្តរភាពរយៈពេលវែងនៃកម្មវិធីជំនួយបរទេសផ្នែកសុខភាពរបស់សហរដ្ឋអាម៉េរិក ដែលជាផែនការយុទ្ធសាស្ត្រ សន្តិសុខសុខភាពសកល និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង ដោយលោកស្រីស្នើសុំអនុសាសន៍ លើសេចក្តីព្រាង កិច្ចព្រមព្រៀងទ្វេភាគីថ្មីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រយុទ្ធសាស្ត្រសុខភាពសកលអាម៉េរិកទីមួយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការជួយសង្គ្រោះជីវិត និងអភិវឌ្ឍប្រព័ន្ធសុខភាពប្រកបដោយភាពធន់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក និងស្នើសុំមានការពិភាក្សាកម្រិតបច្ចេកទេសបន្ថែមទៀត ដើម្បីអាចសម្របសម្រួលតាមគោលដៅថ្មីនេះ។ លោកសាស្រ្តាចារ្យ បានបញ្ជាក់ជំហរយ៉ាងមោះមុត ក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧៕


Khcct banner

អត្ថបទទាក់ទង