ថៃ៖ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ១៩ វិច្ឆិកានេះ បានប្រកាសថាមានការផ្ទុះអាវុធនៅខាងភាគីថៃ ចំពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កំពុងចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។តបជាព័ត៌មាននេះ ភាគីថៃចោទកម្ពុជា បានដុតផាវ ដើម្បីបង្កើតព័ត៌មានក្លែងក្លាយពេលក្រុម AOT ចុះទៅពិនិត្យបទឈប់បាញ់។
យោងតាមបណ្តាញផ្សព្វផ្សាយថៃ Khaosod បានរាយការណ៍ថា មេបញ្ជាការកងម៉ារីនខេត្តត្រាតរបស់ថៃ បានចោទកម្ពុជាថាយកក្រុមសង្កេតការណ៍អាស៊ានក្លែងក្លាយ ទៅខេត្តពោធី៍សាត់ ហើយដុតផាវ ដើម្បីចោទថាថៃបំផ្ទុះអាវុធ។
ប្រភពដដែលរាយការណ៍ទៀតថា បន្ទាប់ពីកម្ពុជាបានអះអាងថា ខ្លួនបាននាំគណៈប្រតិភូអ្នកសង្កេតការណ៍អាស៊ាន ឬ AOT ទៅកាន់តំបន់នោះ ប៉ុន្តែបានឮសំឡេងផ្ទុះពីភាគីថៃ បង្ខំឱ្យពួកគេលុបចោលបេសកកម្មនោះ ថៃបានស្ថិតនៅក្នុងតំបន់នោះនៅពេលកើតហេតុ។
បើតាមមេបញ្ជាការកងម៉ារីនថៃ ថា លោកកំពុងចុះពិនិត្យតំបន់ ដើម្បីផ្តល់សន្តិសុខ សម្រាប់ប្រតិបត្តិការបោសសម្អាតមីននៅបានចំការ ស្រុកចំការ ខេត្តត្រាត។ ក្នុងពេលចុះត្រួតពិនិត្យ ជនជាតិខ្មែរមួយក្រុមប្រមាណ ៣០នាក់ បានប្រមូលផ្តុំគ្នានៅមូលដ្ឋានរបស់ខ្លួនក្នុងតំបន់នោះ ដោយពាក់មួកខៀវ។លោកបានប្រើកែវយឹត ដើម្បីសង្កេតមើលពួកគេ ហើយបានជិះយន្តហោះគ្មានមនុស្សបើក ដើម្បីថតរូបចម្ងាយឆ្ងាយសម្រាប់ប្រទេសថៃ។បន្ទាប់មកមានសំឡេងខ្លាំងមួយបានកើតឡើង។
យោងតាមក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា បានចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ៕