កោះកុង៖ ស្រុកថ្មបាំង ខេត្តកោះកុង ទទួលបានសមិទ្ធផលថ្មីដ៏ត្រចះត្រចង់នូវផ្លូវជនបទចំនួន ២ខ្សែ មានប្រវែង ៣២,១០ គីឡូម៉ែត្រ ដែលបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍អេកូទេសចរណ៍ជីផាត សម្រួលដល់ការធ្វើដំណើរ និងជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ និងការវិនិយោគ ជាពិសេសការធ្វើពិពិធកម្មគោលដៅទេសចរណ៍ និងការតភ្ជាប់ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តំបន់ឆ្នេរ។
នាឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ នៅក្នុងបុព្វហេតុគាំទ្រ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ជាពិសេសនៅថ្ងៃនេះ តាមរយៈគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា និងក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ក្នុងការសាងសង់ផ្លូវតភ្ជាប់ ទៅកាន់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ, ការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យដល់សហគមន៍អេកូទេសចរណ៍ នៅតាមបណ្តាខេត្តនានា ជាពិសេសនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានថ្លែងអំណរគុណក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តកោះកុង ចំពោះការយកចិត្តទុកដាក់លើការលើកកម្ពស់វិស័យទេសចរណ៍ នៅខេត្តកោះកុង ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មខេត្តកោះកុង ឆ្នាំ២០២១-២០២៥។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន២ខ្សែ ប្រវែង៣២,១០គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដ៏មានសារៈសំខាន់នៅក្នុងខេត្តកោះកុង៕