ភ្នំពេញ៖ ស្នងការខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នាថ្ងៃទី១៩ វិច្ឆិកា បានបង្ហោះសារអមជាមួយខ្លឹមសារសម្តែងការអន់ចិត្តពេលអ្នកលេងបណ្តាញសង្គម មើលមិនឃើញការខិតខំរបស់នគរបាល ដែលក្លាហានលះបង់ជីវិតតាមចាប់គ្មានគិតពីការស្លាប់ឬរស់ ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន។
ក្នុងសារបង្ហោះនោះ មានខ្លឹមសារថា ស្ត្រីម្នាក់យកកាំភ្លើងឱ្យឧក្រិដ្ឋជនបាញ់កងកម្លាំងគ្មានអាសូរ តែចំថ្ងៃរាសីខ្ពស់គេចទាន់កុំអីមុខកូនប្រពន្ធលែងបានឃើញ បំណុលជំពាក់គេទុកឱ្យម៉ែអ្នកសងជួស។ មន្ត្រីនគរបាលក្លាហានលះបង់ជីវិតតាមចាប់គ្មានគិតពីការស្លាប់ឬរស់ មិនដឹងក្នុងឡានឧក្រិដ្ឋជនមានអាកាមានបេឬមានគ្រាប់បែកអត្តឃាតឬអត់? ទីបំផុតចាប់បានជោគជ័យ១០០ភាគរយប្រកបដោយមោទនភាព។
លោកបានបន្ថែមថា ដល់ម៉ោងនេះ ពេលនេះ នារីសហចារីឧក្រិដ្ឋជនក្លាយជាជនរងគ្រោះដោយអំពើអសីលធម៌មួយចំនួន ហើយភាគច្រើនលើបណ្តាញសង្គមសម្តែងការអាណិតអាសូរនិងជេរប្រមាថនគរបាល ប៉ុន្តែជាក់ស្តែងគឺមិនមែននគរបាលឡើយដែលគ្មានសីលធម៌សុជីវធម៌នោះ។
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង។ក្នុងហេតុការណ៍នោះ មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និង ការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី៕