681 ezgif.com resize
Swift cc time

អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាទទួលបានជើងហោះហើរទ្វេទិសជាង៥ម៉ឺនជើង កើនឡើង ១២% រយៈពេល១០ខែ ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា ដល់ខែតុលា អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួនជាង ៥ ម៉ឺនជើង (៥២,៩៥៤ ជើង) មានការកើនឡើង ១២% បើធៀបទៅនឹងរយៈពេល១០ខែដូចគ្នាទៅនឹងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

បើតាមរបាយការណ៍ រយៈពេល១០ខែ ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ទទួលបានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួនជាង ៥ លាននាក់ (៥,៦៦៥,១២៩ នាក់) មានការកើនឡើង ១៤% បើធៀបទៅនឹងរយៈពេល១០ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។ ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៧ ម៉ឺនតោន (៧៤,៩១២ តោន) មានការកើនឡើង ១៤% បើធៀបទៅនឹងរយៈពេល១០ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។

ដោយឡែក សម្រាប់ខែតុលា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួនជាង ៥ ពាន់ជើង (៥,៣១៧ ជើង) និងអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ សែននាក់ (៥៥៥,៨០៤ នាក់) ខណៈទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ ម៉ឺនតោន (១០,៣៩៩ តោន)៕

Khcct banner

អត្ថបទទាក់ទង