ក្រុងវ៉ាស៊ីនតោន៖ រ៉ូណាល់ដូ (Cristiano Ronaldo ) តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានចូលរួមកិច្ចប្រជុំនៅសេតវិមានរវាងប្រធានាធិបតីសហរដ្ឋអាម៉ែរិក ដូណាល់ ត្រាំ និង ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជានាយករដ្ឋមន្រ្តីនៃអារ៉ាប៊ីសាអូឌីត។
Cristiano Ronaldo ធ្លាប់បានបង្ហើបតាមរយៈបទសម្ភាសមួយថា ខ្លួនមានបំណងចង់ជួបជជែកគ្នាផ្ទាល់ជាមួយនឹងលោក ដូណាល់ ត្រាំ ជាពិសេសផ្តោតលើរឿងសន្តិភាពក្នុងពិភពលោក។
បើតាមសារព័ត៌មានអាម៉េរិក បានឱ្យដឹងថា ជំនួបនេះ ត្រូវបានធ្វើឡើងដោយសារតែ លោក ដូណាល់ ត្រាំ ទទួលជួបជាមួយ Mohammed bin Salman ដោយសារតែអារ៉ាប៊ីសាអូឌីត កំពុងព្យាយាមស្តារមុខមាត់ប្រទេសខ្លួនឡើងវិញ បន្ទាប់ពីមានការសម្លាប់អ្នកកាសែតដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកលោក Jamal Khashoggi ឆ្នាំ 2018 និងដើម្បីរក្សាទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងវ៉ាស៊ីនតោន។
គួររម្លឹកថា នៅក្នុងកិច្ចសម្ភាសមួយជាមួយនឹងលោក Pier Morgan អ្នកកាសែតអង់គ្លេសដ៏ល្បីមួយរូប Cristiano Ronaldo ធ្លាប់បានបង្ហើបថាខ្លួនមានបំណងចង់ជួបជជែកគ្នាផ្ទាល់ជាមួយនឹងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងថែមទាំងសរសើរទៅដល់ប្រធានាធិបតីវ័យ ៧៩ឆ្នាំ ជាមនុស្សមានឥទ្ធិពលខ្លាំងអាចកែប្រែស្ថានការណ៍ពិភពលោកបានថែមទៀតផងដែរ។ លោកធ្លាប់លើកឡើងថា បំណងធំមួយក្នុងជីវិត គឺចង់ជួបប្រធានាធិបតីអាម៉េរិក លោក ត្រាំ ហើយការជួបនោះសំដៅលើការជជែកគ្នារឿងសន្តិភាពក្នុងពិភពលោក៕