ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងដោយក្រើនរំលឹកម្ចាស់យានយន្ដទាំងអស់ថា ការពន្ធបង់លើមធ្យោបាយដឹកជញ្ជូននឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ដូចនេះម្ចាស់យានយន្តទាំងអស់ត្រូវរួសរាន់មកបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា មកទល់ពេលនេះ ម្ចាសស់យានយន្តមួយចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធ រួសរាន់មកបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធី GDT Taxpayer App ដែលអាចទាញយកចេញពី App Store ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។
ក្នុងករណីខកខានមិនបានបង់ពន្ថទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល(ពន្ធបន្ថែមចំបោះការយឺតយ៉ាវក្នុងការបង់ពន្ធស្មើនឹង១០០%នៃប្រាក់ត្រូវបង់) តាមច្បាប់ស្តីពី សារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងចេញលិខិតជូនដំណឹងដល់លំនៅឋានម្ចាស់យានយន្ត ឬសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ នៅតាមដងផ្លូវនានា ឬចាត់វិធានការផ្សេងៗតាមការចាំបាច់ បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕